ភ្នំពេញ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវបញ្ជាក់ថារូបសំណាកពងទា និងបង្កង កំពុងស្វែងរកទីតាំងសមស្របមួយនិងដើម្បីបង្ហាញអំពីសក្ដានុពលរបស់ខេត្តដែលហៅថា ភូមិមួយ ផលិតផលមួយ។
លោកបានឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល ៥ឆ្នាំ របស់ខេត្តតាកែវ» នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។
លោក អ៊ូច ភាបានលើកឡើងថា ក្រោយស្ទង់មតិនៅតាមបណ្ដាញសង្គមតាមរយៈរូបភាព 3D រង្វង់មូលបង្កង និងពងទាលើបណ្តាញសង្គម មានប្រជាពលរដ្ឋមួយចំនួនគាំទ្រ និងមួយចំនួនទៀត មិនគាំទ្រដោយលោកអះអាងថារូបសំណាកនេះ មិនមែនបង្ហាញនិមិត្ដរូបរបស់ខេត្តនោះទេ តែគឺបង្ហាញអំពីសក្ដានុពលរបស់ខេត្តដូច «ភូមិមួយ ផលិតផលមួយ»។.jpg)
លោកថា និមិត្ដរូបខេត្តរបស់យើង គឺ ព្រះនរាយណ៍ អ្វីដែលយើងធ្វើរូបបង្កង ឬពងទានេះ បង្ហាញអំពីសក្ដានុពលរបស់ខេត្ត យើងហៅថាដូចភូមិមួយ ផលិតផលមួយអញ្ចឹង។
លោកអភិបាលខេត្តតាកែវបញ្ជាក់បន្ថែមថា ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ទើបមានការរាំងស្ទះចំពោះគម្រោងសាងសង់រូបសំណាកទាំង២នេះ ប៉ុន្ដែរដ្ឋបាលខេត្តនឹងខិតខំរកទីតាំងសមស្រប ដើម្បីទេសចរដែលមកកម្សាន្ដ ឬទស្សនាខេត្តតាកែវ នឹកឃើញបង្កង និងពងទាកូនពេលមកដល់ទឹកដីខេត្តតាកែវនេះ៕











