ភ្នំពេញ៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងការរៀបចំក្នុងព្រឹត្តិការ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ា ហ្គេម លើកទី១ នាខែឧសភា និងខែមិថុនាខាងមុខនេះ។
នៅក្នុងព្រឹត្តិការនៃការប្រកួតនេះ ត្រូវបានហាមដាច់ខាតការប្រើប្រាស់ ការឧបត្ថម្ភ ការចែកចាយ និងការផ្សព្វផ្សាយបារី និងបារីអេឡិចត្រូនិក (វេប) ទាំងស្រុង។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា គោលការណ៍ ទាំងនោះរួមមាន៖ ហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា, ហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា, មិនទទួលការឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិចត្រូនិក (វេប) ទោះក្នុងទម្រង់ឬគោលបំណងណាក៏ដោយ។
បើតាមក្រសួងទេសចរណ៍ កីឡាគ្មានថ្នាំនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដូចជា ការពារកីឡាករ គ្រូបង្វឹក ទស្សនិកជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះថ្នាក់ ធានាបាននូវស្ដង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឱ្យផ្តាច់បារី បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានីភ័យនៃអគ្គីភ័យ។
សូមរំលឹកថា នៅកម្ពុជាប្រជាពលរដ្ឋ ១៥ ០០០ ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលបង្កដោយថ្នាំជក់។ ជំងឺនាំមុខទាំង៥ រួមមាន៖ ១.ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល , ២ជំងឺស្ទះសរសៃឈាមបេះដូង, ៣ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម, ៤ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និង៥ជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់៕










