ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បានផ្ដល់ជំនួយជាឱសថសម្រាប់ព្យាបាលជំងឺផ្ដាសាយបក្សី H5N1 ៣ពាន់ដូសដល់កម្ពុជា។
ឱសថព្យាបាលជំងឺដាសាយបក្សី H5N1 ដែលជាជំនួយបានបញ្ជូនមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២៣នេះ។
ការផ្ដល់ជំនួយវេជ្ជសាស្ត្ររបស់ អង្គការសុខភាពពិភពលោក បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានរកឃើញ ករណីផ្ដាសាយបក្សី H5N1 ដោយមានកុមារីម្នាក់បានស្លាប់ នៅក្នុងខេត្តព្រៃវែង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ មានកុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយបក្សី H5N1។ ជំងឺផ្តាសាយបក្សី H5N1 មួយករណីនេះ កើតលេីកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិ រលាំង ឃុំ រំលេច ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង។
ក្រោយករណីនេះ ក្រុមការឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 នៅក្នុងខេត្តព្រៃវែង។ ក្នុងនោះអ្នកប៉ះពាល់ ៤នាក់ បានចាប់ផ្តើមចេញរោគសញ្ញា៕










