ប្រទេសអ៊ុយក្រែន ៖ មេដឹកនាំអ៊ុយក្រែនប្រកាសថា ចង់ជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង បន្ទាប់ពីប្រទេសចិនបង្ហាញផែនការសន្តិភាពក្នុងគម្រប់ខួប១ឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន ។ លោក Volodymy Zelensky ជឿជាក់ថា ចិននឹងមិនបញ្ជូនអាវុធជួយរុស្ស៊ីទេ ស្របពេលប្រទេសលោកខាងលិចបារម្ភថា តើចិននឹងពិចារណាជួយរុស្ស៊ីឬអត់ ?
លោក Volodymy Zelensky ប្រធានាធិបតីអ៊ុយក្រែនបង្ហាញថា លោកត្រូវការជួបជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ដើម្បីជជែកពិភាក្សាអំពីផែនការសន្តិភាព១២ចំណុច ដែលរដ្ឋាភិបាលចិនទើបបានផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក ។ លោកបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ចិនដើម្បីបន្តវិធីសាស្ត្រការទូត និងចរចាជាមួយអ៊ុយក្រែន គឺជារឿងមិនអាក្រក់ទេ ។
ទោះយ៉ាងណា មេដឹកនាំអ៊ុយក្រែនបញ្ជាក់ថា សំណួរសំខាន់ តើនឹងដំណើរការតាមផែនការសន្តិភាពរបស់ចិនដោយរបៀបណា ? ហើយចិននឹងដំណើរការដូចម្តេចតាមរយៈផែនការសន្តិភាពនេះ ។ កាលពីមុន មេដឹកនាំអ៊ុយក្រែជឿជាក់ថា ចិននឹងមិនបញ្ជូនអាវុធជួយរុស្ស៊ីទេ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកសម្តែងការបារម្ភថា ចិនកំពុងតែពិចារណាជួយរុស្ស៊ីដោយការបញ្ជូនអាវុធ ។
ផែនការសន្តិភាពរបស់ចិនដែលបានផ្សព្វផ្សាយនាពេលចុងក្រោយនេះ មានខ្លឹមសារបញ្ជាក់ពីការគោរពអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ បំផ្លាញគំនិតសង្គ្រាមត្រជាក់ ងាកមកចរចាសន្តិភាព និងលុបចោលវិធានការដាក់ទណ្ឌកម្មដែលដំណើរការជាឯកតោភាគី ជាដើម ។
ផែនការសន្តិភាពរបស់ចិននេះបានទទួលការឆ្លើយតបពីរដ្ឋាភិបាលរុស្ស៊ី ដោយប្រទេសរុស្ស៊ីបញ្ជាក់ថា បានចែករំលែកទស្សនៈជាមួយរដ្ឋាភិបាលចិនពីបញ្ហានេះ ។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្តល់បទសម្ភាសន៍អំពីផែនការសន្តិភាពរបស់ចិន ហើយលោកមានសំណួរថា តើផែនការសន្តិភាពនេះនឹងមានអ្វីល្អប្រសើរ បើប្រធានាធិបតីរុស្ស៊ី លោក ពូទីន សរសើរផែនការនេះ ៕
ប្រភព ៖ TODAY










