សហរដ្ឋអាមេរិក ៖ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសផ្អាកការអនុវត្តសន្ធិសញ្ញា New START ជាសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងអាមេរិក ខណៈលោកបានថ្លែងអំពីស្ថានការណ៍សង្គ្រាមក្នុងពេលបច្ចុប្បន្ន រួមទាំងបញ្ជាក់ថា នឹងបង្កើនសក្តានុពលកងទ័ពរបស់រុស្ស៊ី ជាពិសេស កងកម្លាំងនុយក្លេអ៊ែរនោះ បានធ្វើឱ្យភាគីជាច្រើនបារម្ភថា នឹងមានអាវុធនុយក្លេអ៊ែរចូលមកពាក់ព័ន្ធក្នុងជម្លោះលើកនេះ ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមករិះគន់ការសម្រេចចិត្តរបស់លោក ពូទីន ក្នុងកិច្ចប្រជុំជាមួយលោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅប្រទេសប៉ូឡូញ ថា ៖ «វាពិតជាកំហុសដ៏ធំមួយដែលលោក ពូទីន បានសម្រេចចិត្តបែបនេះ» ។

លោក ចូ បៃដិន ថ្លែងបន្តថា ៖ «ការសម្រេចចិត្តនៅពេលនេះចាត់ទុកថា ប្រទេសរុស្ស៊ីខ្វះការទទួលខុសត្រូវយ៉ាងខ្លាំង ប៉ុន្តែខ្ញុំក៏អានហ្គេមរបស់លោក ពូទីន មិនចេញដូចគ្នាដែរថា ពួកគេនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬអ្វីផ្សេងក្នុងសង្គ្រាមលើកនេះ ព្រោះខ្ញុំមើលមិនឃើញសញ្ញា ឬភស្តុតាងជាក់ស្តែងណាមួយថា ពួកគេនឹងប្រើប្រាស់វា ប៉ុន្តែខ្ញុំជឿថា យើងនឹងអាចដោះស្រាយស្ថានការណ៍ផ្សេងៗបាន» ។

ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken ក៏បានរិះគន់ការសម្រេចចិត្តរបស់លោក ពូទីន ផងដែរ ដោយលោកថ្លែងថា ៖ «វាជាការសម្រេចចិត្តគួរឱ្យសោកស្តាយ ហើយខ្វះការទទួលខុសត្រូវយ៉ាងខ្លាំង ប៉ុន្តែទោះយ៉ាងណា ពួកយើងអាចជជែកពិភាក្សាគ្នាពីរឿងនេះជានិច្ច» ។

ការសម្រេចចិត្តផ្អាកសន្ធិសញ្ញា New START របស់លោកប្រធានាធិបតី ពូទីន ត្រូវបានប្រទេសនានាថ្កោលទោសយ៉ាងខ្លាំង ជាពិសេស ក្រុមប្រទេសគ្មានអាវុធនុយក្លេអ៊ែរក្នុងដៃ បើទោះជាក្រោយមក ក្រសួងការបរទេសរុស្ស៊ីបានចេញមកនិយាយថា រុស្ស៊ីនឹងអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុងសន្ធិសញ្ញានេះដោយការទទួលខុសត្រូវ រហូតដល់សន្ធិសញ្ញានឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ៕ ប្រភព ៖ PPTVHD36