ប្រទេសថៃ ៖ ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកឆាកចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក មានជនជាតិរុស្ស៊ីជាច្រើននាំគ្នាធ្វើដំណើរចេញក្រៅប្រទេសដើម្បីគេចពីការកេណ្ឌធ្វើកងទ័ព និងផលប៉ះពាល់សេដ្ឋកិច្ចក្នុងប្រទេស ។ ថៃជាប្រទេសមួយដែលជនជាតិរុស្ស៊ីរាប់ម៉ឺននាក់ជ្រើសរើសមករស់នៅ ហើយមានជនជាតិរុស្ស៊ីជាច្រើននាក់ទៀតបានទិញអចលនទ្រព្យសម្រាប់រស់នៅប្រទេសថៃ រហូតដល់បញ្ចប់សង្គ្រាម ។

ភូកេត ជាខេត្តមួយល្បីល្បាញលើពិភពលោកក្នុងវិស័យទេសចរណ៍ គេសង្កេតឃើញថា មានជនជាតិរុស្ស៊ីជាច្រើននាក់បានមកជួល ឬទិញអចលនទ្រព្យ ដើម្បីងាយស្រួលក្នុងការមករស់នៅប្រទេសថៃ ឬស្វែងរកលំនៅឋានថ្មីសម្រាប់អនាគត ។

តាមទិន្នន័យពីអាកាសយានដ្ឋានអន្តរជាតិភូកេតបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ មានជនជាតិរុស្ស៊ីជាង២៣ម៉ឺន៣ពាន់នាក់បានធ្វើដំណើរមកកាន់ភូកេត ។

បើទោះជាភូកេតជាតំបន់គោលដៅដែលជនជាតិរុស្ស៊ីនាំគ្នាធ្វើដំណើរមកក្នុងរដូវត្រជាក់ ដើម្បីមករកអាកាសធាតុក្តៅនៅថៃក្តី ប៉ុន្តែខុសពីឆ្នាំមុនៗនៅត្រង់ថា ចំនួនការលក់អចលនទ្រព្យរបស់ថៃបានកើនឡើងខ្ពស់ តាំងពីប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រកាសពីការចល័តកម្លាំងទ័ពនៅខែកញ្ញា ឆ្នាំ២០២២ គឺបង្ហាញឱ្យឃើញថា ភ្ញៀវទេសចរជាច្រើននាក់តាំងចិត្តស្នាក់នៅថៃ យូរជាងថ្ងៃឈប់សម្រាកធម្មតា ។

ភ្នាក់ងារអចលនទ្រព្យនៅភូកេត អ្នកនាង Sofia Malikavareal និយាយថា ៖ «អតិថិជនភាគច្រើនរបស់ខ្ញុំ ជាក្រុមអាយុតិចក្នុងចន្លោះពី៣០ឆ្នាំ ទៅ៣៥ឆ្នាំ ហើយពួកគេជាអ្នកមានទ្រព្យសម្បត្តិ និងមានប្រាក់ច្រើន ។ ពួកគេបានសម្រេចចិត្តផ្លាស់មករស់នៅភូកេតក្នុងរយៈពេលយូរ គឺចាប់ពី៣ខែ ទៅ៦ខែ ឬរហូតដល់១ឆ្នាំ» ៕ ប្រភព ៖ PPTVHD36