ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដោយមិនបានជូនដំណឹងជាមុនឡើយ ។ គេចាត់ទុកថា វាជាសញ្ញាដែលអាមេរិក និងប្រទេសលោកខាងលិចនឹងនាំមុខជាអ្នកគាំទ្រអ៊ុយក្រែនបន្តទៀត ខណៈសង្គ្រាមនៅអ៊ុយក្រែនជិតដល់គម្រប់ខួប១ឆ្នាំ ។
លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់អ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីកងទ័ពរុស្ស៊ីវាយលុកអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ការមកកាន់ទីក្រុងគៀវលើកនេះ វាជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់ ខណៈលោកមិនបានជូនដំណឹងជាមុនពីការធ្វើដំណើរ ។ កាលពីសប្តាហ៍កន្លងមក អ្នកនាំពាក្យសន្តិសុខជាតិប្រចាំសេតវិមាន លោក John Kirby បញ្ជាក់ថា មេដឹកនាំអាមេរិកគ្មានគម្រោងធ្វើដំណើរទៅអ៊ុយក្រែនទេ បើទោះជាលោកនឹងធ្វើដំណើរទៅប្រទេសប៉ូឡូញ ដែលនៅជិតគ្នាក្តី ។
សេតវិមានបានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់លោក ចូ បៃដិន ក្នុងឱកាសលោកទៅកាន់ទីក្រុងគៀវរបស់អ៊ុយក្រែនថា លោក បៃដិន មានគម្រោងជួបលោកប្រធានាធិបតីអ៊ុយក្រែន Vodimir Zelensky នៅទីក្រុងគៀវ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រអ៊ុយក្រែនសម្រាប់ប្រជាធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។ សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា នៅពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើកឆាកវាយលុកអ៊ុយក្រែនជិត១ឆ្នាំ លោក បៃដិន គិតថា អ៊ុយក្រែនទន់ខ្សោយ ហើយប្រទេសលោកខាងលិចបែកបាក់គ្នា ប៉ុន្តែលោកគិតខុស ។
លោក បៃដិន បន្ថែមថា អាមេរិកនឹងផ្តល់ជំនួយកងទ័ពជាថ្មីដល់អ៊ុយក្រែនក្នុងទឹកប្រាក់ចំនួន៥០០លានដុល្លារអាមេរិក រួមទាំងគ្រាប់កាំភ្លើងធំសម្រាប់ Haimars ប្រព័ន្ធប្រឆាំងរថពាសដែក និងរ៉ាដាស៊ើបការណ៍អាកាសផងដែរ ហើយនៅសប្តាហ៍នេះ អាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតដល់មន្ត្រីជាន់ខ្ពស់ និងក្រុមហ៊ុនដែលព្យាយាមជួយរុស្ស៊ីរឿងអាវុធ ។
ចំណែកមេដឹកនាំអ៊ុយក្រែនបានបង្ហោះសារនៅលើតេឡេក្រាមថា ៖ «អ៊ុយក្រែនរីករាយទទួលស្វាគមន៍លោក បៃដិន មកកាន់ក្រុងគៀវ ហើយការមកកាន់ទឹកដីអ៊ុយក្រែន គឺសំខាន់ណាស់ក្នុងការគាំទ្រពលរដ្ឋអ៊ុយក្រែនគ្រប់រូប» ។
ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា គម្រោងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញរបស់លោក បៃដិន នៅថ្ងៃទី២០ ខែកុម្ភៈ គឺមេដឹកនាំអាមេរិកនឹងផ្តោតលើការរួបរួមសម្ព័ន្ធភាព និងជួយអ៊ុយក្រែន ។
សេតវិមានរាយការណ៍ថា លោក បៃដិន នឹងផ្តោតលើការនាំមុខបន្តគាំទ្រអ៊ុយក្រែនដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងពិភពលោក ហើយនៅពេលលោកស្នាក់នៅប៉ូឡូញ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ លោក បៃដិន មានគម្រោងជជែកពិភាក្សាជាមួយប្រធានាធិបតីប៉ូឡូញ Undersage Duda និងមេដឹកនាំបណ្តាប្រទេសអឺរ៉ុបខាងកើត ដែលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដើម្បីបញ្ជាក់ពីការឯកភាពក្នុងចំណោមសម្ព័ន្ធភាពរបស់អាមេរិក ។ គួរបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ប៉ូឡូញ គឺស្របពេលគណបក្សសាធារណរដ្ឋចាប់ផ្តើមបញ្ជូនជំនួយកងទ័ពឱ្យអ៊ុយក្រែនកាន់តែតិច ៕ ប្រភព ៖ TNN World










