ប្រទេសអាល្លឺម៉ង់ ៖ ប្រធានការិយាល័យគណៈកម្មការការបរទេសមជ្ឈិមនៃបក្សកុម្មុយនិស្តចិន លោក Wang Yi និងជាមន្ត្រីទូតជាន់ខ្ពស់របស់ចិន បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmitro Cooleba នៅក្រៅកិច្ចប្រជុំផ្នែកសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក ក្នុងគោលបំណងស្វែងរកសន្តិភាព និងបញ្ចប់ជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលកើតឡើងអស់រយៈពេលជិត១ឆ្នាំ ។China's top diplomat urges end to hostilities ahead of Moscow visit |  Reuters

លោក Wang Yi លើកឡើងថា ចិននៅតែប្រកាន់ខ្ជាប់នូវមាគ៌ាសន្តិភាព និងចរចាគ្នា ដើម្បីដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែនជានិច្ច ។ លើសពីនេះ ចិនបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយសហគមន៍អន្តរជាតិ ដើម្បីកុំឱ្យសង្គ្រាមនៅអ៊ុយក្រែនកាន់តែអូសបន្លាយយូរ និងធ្ងន់ធ្ងរជាងនេះ ។

ជាមួយគ្នានេះ មន្ត្រីទូតជាន់ខ្ពស់របស់ចិន លោក Wang Yi ក៏បានយកឱកាសនេះសរសើរប្រទេសអ៊ុយក្រែនផងដែរ ពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយលោកសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងអ៊ុយក្រែន នឹងបន្តអភិវឌ្ឍន៍ទៅមុខជាលំដាប់ ។

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmitro Cooleba ក៏បានបញ្ជាក់ដែរថា អ៊ុយក្រែន និងចិនមានទំនាក់ទំនងគ្នារហូតមកអស់រយៈពេល១ឆ្នាំ តាំងពីអ៊ុយក្រែនកើតសង្គ្រាមជាមួយរុស្ស៊ី ហើយលោកបញ្ជាក់ថា គ្មានប្រទេសណាចង់ឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័សដូចអ៊ុយក្រែនទេ ។ ជាមួយគ្នានេះ អ៊ុយក្រែនក៏បានមើលឃើញពីជំហរដោះស្រាយបញ្ហានយោបាយនៅលើឆាកអន្តរជាតិរបស់ចិនផងដែរ ហើយអ៊ុយក្រែនសង្ឃឹមថា ចិននឹងបន្តដើរតួដោះស្រាយការបញ្ចប់ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ៕

ប្រភព ៖ TNN World