រឿងកូរសមុទ្រទឹកដោះ មានកំណើតឡើងនៅរវាងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) នៃគ្រិស្តសករាជ ក្នុងរចនាបថបាពួន។
ចំពោះប្រវត្តិរឿងកូរសមុទ្រទឹកដោះនេះដែរ បុរាណខ្មែរយើង បានឆ្លាក់រឿងនេះ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត មានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់២ម៉ែត្រ មានរូបក្រុមអសុរៈ (យក្ស ) នៅខាងឆ្វេងដៃ ចំនួន ៩២អង្គ និងរូបក្រុមទេវៈនៅខាងស្តាំដៃចំនួន ៨៨អង្គ។នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
បើតាមទេវកថារឿងកូរសមុទ្រទឹកដោះនេះមានតំនាលរៀបរាប់ថា ក្នុងកាលមួយនោះ ពួកអសុរៈ (មេយក្ស) បានដើរសាងបាបកម្មកាចសាហាវ ព្រៃផ្សៃ និងរាតត្បាតជាទីបំផុត ទៅលើពួកទេវៈ (ពួកទេវតា) ធ្វើអោយពួកទេវៈមួយចំនួន នាំគ្នាចេញទៅធ្វើសឹកសង្គ្រាមប្រយុទ្ធ ប្រឆាំង តបតនឹងពួកអសុរៈ វិញអស់រយៈពេលជាច្រើនឆ្នាំ។
ការប្រយុទ្ធចេះតែបន្ត កក្រើកទឹក រញ្ជួយដី តែពុំមានអ្នកចាញ់ឈ្នះ។ សង្គ្រាមបានធ្វើអោយអង្គទេពនីមួយៗ ត្រូវទ្រុឌទ្រោមនឿយហត់ជាខ្លាំង ក៏នាំគ្នាផ្អាកចំបាំង ហើយក៏ហោះហើរកាត់ផ្ទៃពពក សំដៅឋានលើ ទៅប្តឹងព្រះឥន្ទ្រាធិរាជ ឱ្យជួយដោះស្រាយបញ្ហាផ្សះផ្សាគំនុំសងសឹករវាងពួកអសុរៈនិងពួកទេវៈក្រោយពីពួកទេវៈ និងពួកអសុរៈរ៉ាយរ៉ាប់ទូលថ្វាយ អំពីដំណើរហេតុការណ៍វិបត្តិទាំងឡាយ រួចហើយ ព្រះឥន្ទ្រក៏ត្រិះរិះពិចារណាជ្រាលជ្រៅក្រោយមកទើបមានព្រះរាជបន្ទូលទៅកាន់ពួកទេវៈ និងពួកអសុរៈថា៖” ម្នាល!! អង្គទេវៈអសុរៈ ទាំងអស់គ្នា! ដើម្បីសេចក្តីស្ងប់ស្ងៀម តាមពូជពង្សដំណក់លោហិតរៀងៗខ្លួន និងដើម្បីរស់នៅលើពិភពរស់នៅផ្សេងៗគ្នា ឱ្យមានសេរីភាពសុខសាន្តនោះ យើងមានមធ្យោបាយមួយអោយអ្នកគិត គឺថា អ្នកត្រូវនាំគ្នា កូរសមុទ្រទឹកដោះ” ដើម្បីស្វែងរកទឹកអម្រឹត ដែលធ្វើអោយ ជីវិតអមតៈ!! ។
រាត្រីកាលក៏ចូលមកដល់ ពួកទេវៈក៏ប្រមូលផ្តុំគ្នីគ្នា រួចហើយ ក៏ត្រិះពិចារណ៍ រកមធ្យោបាយ ដើម្បីដណ្តើមយកជ័យជម្នះ ទៅលើពួកអសុរៈ ព្រោះថា បើតាមការប៉ាន់ប្រមាណមើលទៅ ពួកទេវៈ ប្រហែលជាពុំមាន សមត្ថភាព និង កំលាំង គ្រប់គ្រាន់ក្នុងការ យកជ័យជំនះ លើហ្វូងអសុរៈ បានងាយៗឡើយ។ មធ្យោបាយល្អ មានតែម្យ៉ាងគត់ គឺប្រើល្បិច ដើម្បី យកឈ្នះ ។ គិតគ្នារួចហើយ ទេវៈក៏ចូលទៅគាល់ព្រះវិស្ណុ សុំស្នើដល់ព្រះអង្គឱ្យជួយ។ ព្រះវិស្ណុក៏យល់ព្រមជួយដល់ពពួកទេវតា ។
ពេលរាត្រីកាលក៏កន្លងផុតទៅ ពួកព្រះអាទិទេព ពួកទេវៈ និងពួកអសុរៈជាច្រើន ក៏បានមកប្រាកដកាយជួបជុំគ្នា នៅភ្នំមន្ទរៈ តាមពាក្យពេចន៍សន្យា ដោយយកភ្នំមន្ទរៈ ធ្វើជាស្នូល ហើយយកពស់នាគរាជឈ្មោះ “វ៉ាសុគី” ធ្វើជាខ្សែព្រ័ត្រ សម្រាប់ទាញកូរចុះ កូរឡើង។ ពួកអសុរៈជាអ្នកកាន់នៅខាងក្បាលពស់នាគរាជ (ខាងឆ្វេង) និងពួកទេវៈកាន់នៅខាងកន្ទុយពស់នាគរាជ (ខាងស្តាំ) ។
ពួកទេវៈ និងអសុរៈ ក៏ចាប់ផ្តើម កូរចុះកូរឡើង អស់រយៈពេលយ៉ាងយូរ ធ្វើឱ្យភ្នំមន្ទរៈ ចាប់ផ្តើមបាក់ស្រុតចុះទៅបាតសមុទ្របន្តិចម្តងៗ។ ដោយមើលឃើញនូវស្ថានភាពបែបនេះហើយ ព្រះវិស្ណុក៏និម្មិតកាយ ក្រឡាខ្លួន ធ្វើជាសត្វអណ្តើកមួយយ៉ាងធំ ឈ្មោះ “កុមិ” មកជួយទ្រភ្នំមន្ទរៈឱ្យខ្ពស់ឡើងមកលើផុតផ្ទៃទឹក។ នៅចុងបំផុត ថូទឹកអម្រឹតក៏បានផុសឡើង ហើយពួកអសុរៈក៏ដណ្តើមយកបានមុន ពួកទេវតា ។
ព្រះវិស្ណុឃើញដូច្នោះ ក៏គិតក្នុងចិត្តថា បើសិនជា ពួកអសុរះទាំងអស់នោះ បានផឹកទឹកអម្រឹតជីវិតអមតៈនោះ ពួកគេកាន់តែមានកំលាំង កាន់តែខ្លាំងពូកែ គ្មាននរណា ម្នាក់អាចយកឈ្នះពួកគេនោះទេ ។ គិតរួចហើយ ព្រះវិស្ណុក ក៏ក្រឡាខ្លួនភ្លាមធ្វើជាព្រះនាងទេពធីតាឋានសួគ៌ឯកដ៏ស្រស់ប្រិមប្រិយ ចូលទៅលួងលោមប្រលោម ពួកអសុរៈ ដើម្បីអោយបោះបង់ថូទឹកអម្រឹតជីវិតអមតៈនោះចោល។
ដោយសារតែ ចាញ់សម្រស់ និងល្បិចលួងលោមរបស់ព្រះនាងទេពធីតាក្លែងក្លាយនោះ មេអសុរៈក៏គ្រវែងថូទឹកអម្រឹតជីវិតអមតៈចោលទៅ។ ពពួកទេវៈឃើញហើយ ក៏នាំគ្នារើសយកមកចែកគ្នាក្រេប បានគ្រប់ៗអង្គពុំមានខាន ។ តែគ្រានោះមានយក្សមួយម្នាក់ ព្រះនាម « រាហ៊ូ» ក៏បន្លំខ្លួននៅក្នុងចំណោមពួកទេវតា ហើយក៏បានផឹកទឹកអម្រឹតនោះផងដែរ ។ ពេលនោះ ព្រះអាទិត្យ និងព្រះច័ន្ទបានដឹងរឿងនេះ ហើយក៏បានទូលថ្វាយដល់ ព្រះវិស្ណុ ភ្លាមៗ ។ ក្រោយមក រាហ៊ូ ក៏បានប្រែក្រឡាជា យក្សាវិញ ហើយរត់ចេញពី ទីកន្លែងនោះ ។ ព្រះវិស្ណុកើតសេចក្តី ខឹងយ៉ាងខ្លាំង ក៏ទាញ កងចក្រគប់តម្រង់ទៅ រាហ៊ូ ដាច់ត្រឹមក ។
ដោយសាតែរាហ៊ូ បានផឹកទឹកអម្រឹតជីវិតអមតៈ ទើបធ្វើអោយ រាហ៊ូ មិនស្លាប់ហើយនៅនៅរស់ត្រឹមក្បាល ។ រាហ៊ូ កើតខឹង ហើយ ចងគំន៊ំ ជាមួយព្រះអាទិត្យ និង ព្រះច័ន្ទជាខ្លាំង ក៏បានសន្យាថា កាលណា ខ្លួនបានជួបនឹង ព្រះអាទិត្យនិង ព្រះច័ន្ទកាលណា គឺនឹង ចាប់លេប ជាមិនខាន ។នៅខ្លោងទ្វារចូលអង្គរធំ ឬខ្លោងទ្វារ ចូលទៅកាន់ប្រាសាទព្រះខ័ន គេក៏សង្កេតឃើញមានរូបបដិមាជាច្រើន មានមាឌធំៗ តម្រៀបគ្នាជាជួរ ទាញដងខ្លួនពស់នាគរាជវ៉ាសុគី ឈរនៅអមសងខាងផ្លូវ ក្នុងភាពជានិមិត្តរូបមួយនៃអាទិទេពក្នុងរឿងកូរសមុទ្រទឹកដោះនោះដែរ។ រឿង “កូរសមុទ្រទឹកដោះ ជានិមិត្តរូបនៃការប្រកួតប្រជែងខាងមហិទ្ធិប្ញទ្ធិវេទមន្ត ដណ្តើមយកទឹកអម្រឹតជីវិតអមតៈ នៅឯភ្នំមន្ទរៈ ដើម្បីស្វែងរកភាពក្សេមក្សាន្ត សុខដុមរមនា សម្បូរសប្បាយ រុងរឿង ជូនប្រទេសជាតិមាតុភូមិ៕










