ប្រទេសអាល្លឺម៉ង់ ៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងមក បុគ្គលិកបម្រើការនៅអាកាសយានដ្ឋានបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មអស់រយៈពេល២៤ម៉ោង នៅអាកាសយានដ្ឋានធំៗចំនួន៧កន្លែងទូទាំងប្រទេសអាល្លឺម៉ង់ ដែលបណ្តាលឱ្យជើងហោះហើរជាច្រើនត្រូវផ្អាក និងប៉ះពាល់ដល់អ្នកដំណើរប្រមាណ៣០ម៉ឺននាក់ ។
សមាគមអាកាសយានដ្ឋានអាល្លឺម៉ង់បង្ហាញថា មានជើងហោះហើរចំនួន២.៣៤០ជើងត្រូវបានលុបចោល ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរចំនួន២៩ម៉ឺន៥ពាន់នាក់ ដោយសារតែបុគ្គលិកបម្រើការងារក្នុងអាកាសយានដ្ឋានចំនួន៧កន្លែងមិនព្រមបំពេញធ្វើការរបស់ខ្លួន ហើយប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ។
អាកាសយានដ្ឋានរងផលប៉ះពាល់រួមមាន អាកាសយានដ្ឋាននៅក្រុង Frankfurt និង Munich ខណៈអាកាសយានដ្ឋានទាំងពីរកន្លែងនេះជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការហោះហើរ និងមានអ្នកដំណើរច្រើនបំផុតរបស់អាល្លឺម៉ង់ បានលុបចោលជើងហោះហើររបស់ខ្លួនទាំងអស់ ។ បុគ្គលិកបម្រើការក្នុងអាកាសយានដ្ឋានដែលរួមគ្នាធ្វើបាតុកម្មភាគច្រើនមកពីក្រុង Bremen, Dortmund, Hamburg, Hannover និង Stuttgart ។ ជើងហោះហើរអន្តរជាតិភាគច្រើនបានផ្លាស់ប្តូរតារាងហោះហើរជាថ្មី ហើយគេបានកក់សំបុត្ររថភ្លើងជំនួសវិញសម្រាប់អ្នកដំណើរក្នុងស្រុក ។.jpg)
ការរួមគ្នាធ្វើបាតុកម្មរបស់បុគ្គលិកបម្រើការក្នុងអាកាសយានដ្ឋាន គឺជាសមាជិករបស់សហភាពការងារ Verdi ដោយពួកគេអំពាវនាវឱ្យដំឡើងប្រាក់ខែ១០,៥% ឬដំឡើងប្រាក់ខែយ៉ាងតិច៥០០យូរ៉ូក្នុង១ខែ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារអតិផរណាកើនឡើង ខណៈតម្លៃថាមពល និងម្ហូបអាហារក៏បានកើនឡើងដូចគ្នា ។.jpg)
ការធ្វើបាតុកម្មនេះកើតឡើង ស្របពេលមានកិច្ចប្រជុំស្តីពីសន្តិសុខនៅក្រុង Munich ដែលគេសង្ឃឹមថា នឹងមានមេដឹកនាំជាង៤០ប្រទេស និងរដ្ឋមន្ត្រី៦០រូបទៀតមកពីបណ្តាប្រទេសទូទាំងពិភពលោកចូលរួម ។ គេរាយការណ៍ថា ការលុបចោលជើងហោះហើរនានាបានធ្វើឱ្យប៉ះពាល់ដល់រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសរូម៉ានី ដែលនឹងធ្វើដំណើរមកចូលរួមកិច្ចប្រជុំផងដែរ ៕
ប្រភព ៖ NationWorldNews










