របត់ការទូតថ្មីចុងក្រោយបង្អស់របស់ប្រទេសថៃត្រូវបានគេសង្កេតឃើញថា កំពុងចូលទៅកៀកបារាំងយ៉ាងចម្លែក ទាំងដែលនៅក្នុងប្រវត្តិសាស្រ្តយើងបានដឹងយ៉ាងច្បាស់ថា ថៃនិងបារាំងមិនសូវមានទំនាក់ទំនងល្អនឹងគ្នាប៉ុន្មានឡើយ។ ការណ៍នេះកើតឡើងដោយសារតែបារាំងធ្លាប់កាត់ទឹកដីនៃខេត្តចំនួន ៣ ដែលថៃខំដណ្ដើមពីខ្មែរ ប្រគល់មកឲ្យខ្មែរវិញ ដែលធ្វើឲ្យជនជាតិថៃចាប់តាំងពីរាស្រ្តសាមញ្ញ រហូតដល់សែរាជវង្សមានការឈឺចាប់ និងចងកំហឹ.ងជាមួយបារាំងជាខ្លាំង។ តើហេតុអ្វីពេលនេះថៃបែរទៅចងមិត្តជិតស្និទ្ធជាមួយបារាំងទៅវិញ?
តាមពិតទៅ នៅក្នុងឆាកនយោបាយអន្តរជាតិ «គ្មានមិត្តអចិន្ត្រៃយ៍ ហើយក៏គ្មានសត្រូវអចិន្ត្រៃយ៍ដែរ មានតែផលប្រយោជន៍ជាតិប៉ុណ្ណោះដែលអមតៈ»។ ការរត់ទៅរកការចងសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយប្រទេសបារាំង គឺជាភស្តុតាងជាក់ស្តែងដែលកំពុងបង្កើតឲ្យមានការវិភាគដេញដោលយ៉ាងក្តៅគគុក ពីព្រោះបើក្រឡេកទៅមើលទំព័រប្រវត្តិសាស្ត្រ បារាំងគឺជាប្រទេសដែលបានបន្សល់ទុកនូវ «ស្នាមរបួសដ៏ជ្រៅបំផុត» នៅក្នុងចិត្តរបស់ជនជាតិថៃ។

អស់រយៈពេលជាងមួយសតវត្សរ៍មកហើយដែលប្រវត្តិសាស្ត្រនៃវិបត្តិឆ្នាំ ១៨៩៣ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ត្រូវបានកត់ត្រានិងដក់ជាប់ក្នុងផ្នត់គំនិតកូនចៅថៃជំនាន់ក្រោយថាជា «ការបាត់បង់ទឹកដីដ៏អាម៉ាស់បំផុត»។ កាលនោះ ក្រោមឥទ្ធិពលនៃកាំភ្លើងធំនិងនាវាចម្បាំងបារាំង ប្រទេសសៀម (ថៃ) ត្រូវបានបង្ខំចិត្តកាត់ទឹកដីដែលខ្លួនធ្លាប់វាយដណ្តើមបានពីខ្មែរ រួមមាន ខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ ប្រគល់មកឲ្យកម្ពុជាវិញ ដើម្បីប្តូរនឹងឯករាជ្យភាពរបស់ខ្លួន។
.jpg)
មិនត្រឹមតែប៉ុណ្ណោះ ផែនទីព្រំដែនដែលគូរឡើងដោយមន្ត្រីបារាំងនាពេលនោះ (ផែនទីឧបសម្ព័ន្ធទី១) គឺជាអាវុធដ៏មុតស្រួចដែលជួយឲ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារនៅលើឆាកអន្តរជាតិទាំងនៅក្នុងឆ្នាំ ១៩៦២ និងឆ្នាំ ២០១៣។ ភាពឈឺចាប់ដែលបារាំងបានបង្កនេះ ធ្លាប់បានធ្វើឲ្យថ្នាក់ដឹកនាំ និងក្រុមអ្នកជាតិនិយមថៃស្អប់ខ្ពើម និងគុំកួននឹងបារាំងយ៉ាងខ្លាំង រហូតដល់បង្កើតជាសង្គ្រាមទាមទារទឹកដីវិញកាលពីសម័យសង្គ្រាមលោកលើកទីពីរ។.jpg)
ដោយឡែក ចំពោះសំណួរដ៏ធំមួយដែលចោទសួរថា ហេតុអ្វីបានជាពេលនេះ ថៃសុខចិត្តលេបទឹកភ្នែកជូតក្បាលជង្គង់ មករឹតបន្តឹងចំណងសម្ព័ន្ធមិត្តជាមួយបារាំងបែបនេះទៅវិញ? អ្នកវិភាគការបរទេសបានមើលឃើញថា គឺជាការទាញចិត្តបារាំងឲ្យមកឈរខាងខ្លួនវិញ ឬយ៉ាងហោចណាស់ ក៏សុំឲ្យបារាំងផ្តល់ទិន្នន័យ និងសក្ខីកម្មថ្មីៗដើម្បីជួយសម្រួលដល់ការចរចាព្រំដែន ទាំងដីគោក និងតំបន់សមុទ្រត្រួតស៊ីគ្នា (OCA) ជាមួយកម្ពុជា។
.jpg)
ម្យ៉ាងទៀតការលើកឡើងអំពីបញ្ហាព្រំដែន និងបញ្ជាក់ពីគោលជំហររបស់ថៃជាបន្តបន្ទាប់នៅចំពោះប្រធានាធិបតីបារាំង និងអន្តរជាតិហាក់ឆ្លុះបញ្ចាំងពីការទប់ស្កាត់ឥទ្ធិពលការទូតរបស់កម្ពុជានៅ UNESCO ឬវេទិការរបស់អង្គការសហប្រជាជាតិ ដើម្បីកុំឲ្យអន្តរជាតិលម្អៀងទៅខាងកម្ពុជា។ ដូចគ្នានេះដែរ នៅក្នុងពិភពលោកសម័យទំនើប ការឱបក្រសោបការឈឺចាប់ក្នុងប្រវត្តិសាស្ត្រមិនអាចជួយឲ្យសេដ្ឋកិច្ចដើរទៅមុខបានឡើយ ដូចនេះថៃត្រូវបង្ខំចិត្តបោះបង់ភាពកម្សត់ពាក្យសម្តីពីអតីតកាល ដើម្បីយកផលប្រយោជន៍ជាក់ស្តែងនៅចំពោះមុខ។ ហេតុនេះក្រៅពីបញ្ហាព្រំដែន ថៃកំពុងត្រូវការបារាំងជាខ្នងបង្អែកផ្នែកបច្ចេកវិទ្យាយោធា និងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។.jpg)
សរុបមកការបង្វែរទិសដៅការទូតរបស់ថៃទៅរកបារាំងនាពេលនេះ មិនមែនកើតឡើងដោយសារតែក្តីស្រឡាញ់នោះទេ ប៉ុន្តែវាគឺជា «ល្បែងអុកនយោបាយដ៏ចាស់ទុំ» មួយ ដែលថៃកំពុងព្យាយាមប្រើប្រាស់ដៃគូប្រវត្តិសាស្ត្ររបស់កម្ពុជា ឲ្យមកក្លាយជាខ្នងបង្អែករបស់ខ្លួនវិញ ដើម្បីទប់ទល់នឹងឥទ្ធិពលការទូតរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ដូចនេះ កម្ពុជាត្រូវពង្រឹងជំហរច្បាប់អន្តរជាតិឱ្យកាន់តែរឹងមាំ តាមរយៈការរក្សាទំនាក់ទំនងការទូតកម្រិតខ្ពស់ជាមួយបារាំង និងការផ្តល់ភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់ទៅកាន់អង្គការ UNESCO ដើម្បីធានាថាផែនទីព្រំដែនផ្លូវការ និងការការពារប្រាសាទមរដកពិភពលោកត្រូវបានគោរពយ៉ាងតម្លាភាព។ ទន្ទឹមនឹងនេះ កម្ពុជាគួរតែបន្តប្រើប្រាស់វេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ (UN) ដើម្បីបង្ហាញពីឆន្ទៈសន្តិភាព និងតម្លាភាពរបស់ខ្លួន ខណៈពេលដែលរក្សាទ្វារចរចាទ្វេភាគីបើកចំហ ដើម្បីការពារអធិបតេយ្យភាពទឹកដី និងរក្សាផលប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕










