ប្រទេសកូរ៉េខាងត្បូង ៖ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហើបថា កូរ៉េខាងត្បូងផ្តល់ទិដ្ឋាការរយៈពេលខ្លីឡើងវិញសម្រាប់អ្នកដំណើរចិន ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ក្រោយពីស្ថានការណ៍ជំងឺកូវីដ-១៩ នៅប្រទេសចិនល្អប្រសើរឡើង ។
កាលពីខែមករា ឆ្នាំ២០២៣ កូរ៉េខាងត្បូងបានផ្អាកការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរចិន ក្រោយពីប្រទេសចិនប្រកាសលុបចោលវិធានការកូវីដស្មើសូន្យភ្លាមៗ ដែលធ្វើឱ្យជំងឺកូវីដនៅចិនឆ្លងរាលដាលម្តងទៀត ដូច្នេះ ចិនបានសងសឹកវិញ ដោយផ្អាកការផ្តល់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរកូរ៉េខាងត្បូងដូចគ្នា ។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូរ៉េខាងត្បូង លោក គីម ស៊ុងហូ ដែលត្រួតពិនិត្យសុវត្ថិភាព និងគ្រោះមហន្តរាយ បានថ្លែងថា រដ្ឋាភិបាលបានសម្រេចចិត្តផ្តល់ទិដ្ឋាការដល់ជនជាតិចិនឡើងវិញ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដនៅចិនធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយគេមិនបានរកឃើញមេរោគថ្មីទេ ។ កូរ៉េខាងត្បូងមើលឃើញថា អ្នកដំណើរចិនមានអត្រាការឆ្លងត្រឹម១,១% ប៉ុណ្ណោះកាលពីសប្តាហ៍កន្លងមក គេជឿថា វាបានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងពេលមុននេះស្មើ៣០% ។ លោក គីម ស៊ុងហូ បន្តថា កូរ៉េខាងត្បូងនឹងបន្ធូរបន្ថយវិធានការចូលប្រទេសសម្រាប់អ្នកដំណើរចិន បន្ទាប់ពីវាយតម្លៃស្ថានភាពជំងឺរាតត្បាតនាពេលអនាគត ។
ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ឌុកស៊ូ បានថ្លែងថា នឹងលុបចោលវិធានការរឹតបន្តឹងនានានៅមុនចុងខែកុម្ភៈ ឆ្នាំ២០២៣ បើស្ថានការណ៍កូវីដនៅចិនល្អឡើងវិញ ។
ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាថ្មីនៅចិន គឺក្រោយពីចិនលុបចោលវិធានការកូវីដស្មើសូន្យកាលពីដើមខែធ្នូ ឆ្នាំ២០២២ កន្លងមក ជាហេតុធ្វើឱ្យកូរ៉េខាងត្បូងដាក់វិធានការពិនិត្យលើអ្នកដំណើរចិនកាលពីថ្ងៃទី២ ខែមករា រួមទាំងផ្អាកផ្តល់ទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកដំណើរចិន មន្ត្រីស្ថានទូត និងកំណត់ឱ្យអ្នកធ្វើដំណើរពីចិនទាំងអស់ត្រួតរកជំងឺកូវីដមុនពេលធ្វើដំណើរ និងត្រួតនៅថ្ងៃទី១ ពេលពួកគេបានធ្វើដំណើរមកដល់អាកាសយានដ្ឋានកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ៕
ប្រភព ៖ TNN World










