ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌ​ចំនួន ៦ចំណុច និងអនុវត្ត​តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ចំពោះជនបរទេស​អន្តោប្រវេសន៍។ នេះ​បើ​យោង​​តាម​មាត្រា ១៩ នៃ​សេចក្តីព្រាង​ច្បាប់​​ស្ដីពី​សញ្ជាតិ ដែល​ត្រូវ​​បាន​​រដ្ឋសភាអនុម័ត ក្នុងអង្គប្រជុំរដ្ឋសភា កាលពីថ្ងៃ៣១ ឧសភា ២០១៩។

មាត្រា​នោះ បាន​ចែងថា៖ ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖

១. មានគំនិត មារយាទ និងសីលធម៌ល្អ

២. ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ

៣. មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេសអន្តោប្រវេសន៍

៤. មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប័ណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេស ដែលបានកំណត់នៅក្នុងមាត្រា២១ និងមាត្រា២២ នៃច្បាប់នេះ

៥. ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ

៦. មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ

សូម​បញ្ជាក់ថា “សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សញ្ជាតិ” មាន ១០​ជំពូក ចែកចេញ​ជា ៣៨​មាត្រា។ សេចក្តី​ព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា​ការ​អនុវត្ត​ដែន​យុត្តាធិការ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ទៅលើ​រូបវន្ត​បុគ្គល ដើម្បី​កំណត់​នូវ​សិទ្ធិ​ទទួល​បាន និង​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ ចំពោះ​ជន​ដែល​រស់នៅ​លើ​ទឹកដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឬនៅ​បរទេស និង​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់នេះ៕