ជនជាតិកួយ មានបួនអំបូរគឺ កួយអន្ទ័រ (ភាគច្រើនរស់នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ) កួយអក កួយអឺ (ខេត្តក្រចេះ និងស្ទឹងត្រែង) និងកួយអន់រ័រ (ឬ ហៅថាអន្រ្ទើ មានរស់នៅខេត្តកំពង់ធំ) ។ ជនជាតិភាគតិចកួយទាំងបួនកាន់សាសនាព្រះពុទ្ធដូចជនជាតិខ្មែរដែរ។
កួយជាមនុស្សជាតិមួយនៅក្នុងដែនកម្ពុជា កួយមានភាសាច្រើន កួយមានដូចជាកួយដែក កួយដំរីជាដើម។ ជនជាតិកួយគឺជាជនជាតិភាគតិចខ្មែរមួយប្រភេទ ដែលចូលចិត្តរស់នៅតំបន់ ដែលដាច់ឆ្ងាយពីជនជាតិខ្មែរ ប៉ុន្តែវប្បធម៌ និងប្រពៃណី ការរស់នៅគឺមានលក្ខណៈស្រដៀងនឹងជនជាតិខ្មែរច្រើន។ កាលពីសម័យបុរាណជនជាតិនេះចូលចិត្តរស់នៅក្នុងព្រៃជ្រៅ ប្រកបមុខរបបធ្វើស្រែ និងរកស៊ីបោចវល្លិ៍ ជ័រ។ ជនជាតិនេះមានភាសាដោយឡែកពីគ្នាខុសពីភាសាខ្មែរ។
ជនជាតិដើមភាគតិចកួយមិនមានអក្សរសាស្ត្រដើមទេ គឺនិយាយភាសាកួយតែសរសេរខ្យល់សំនៀងជាភាសាខ្មែរ ហើយភាសាកួយក៏មានលាយពាក្យភាសាខ្មែរដែរ ។ ចំពោះភាសាកួយ យុវជនកួយសម័យនេះ មិនសូវនិយមនិយាយភាសាជនជាតិដើមរបស់ខ្លួន ម្ដាយឪពុកអត់សូវបាននិយាយកួយជាមួយកូន កូនចូលទៅសាលា ត្រឡប់មកវិញនិយាយតែខ្មែរជាមួយឪពុកម្ដាយ។
គេសង្កេតឃើញថាមានជនជាតិកួយវ័យចំណាស់នៅតាមភូមិនីមួយៗ និយមនិយាយភាសាកំណើតខ្លួនច្រើននៅឡើយ ជាក់ស្ដែងដូចជាជនជាតិកួយនៅ ភូមិបុស្សធំ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ប្រើភាសាកួយសម្រាប់ការសន្ទនាក្នុងជីវិតប្រចាំថ្ងៃ ។ ជនជាតិកួយវ័យចំណាស់ភាគច្រើនមិនសូវចេះភាសាខ្មែរ។ ភាសាកួយត្រូវបានហាមមិនឲ្យនិយាយនៅក្នុងរបបប៉ុលពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយនេះក៏ជាហេតុផលមួយបណ្ដាលឲ្យយុវជនកួយជំនាន់ក្រោយមិនចេះភាសាកួយដែរ។
អត្តសញ្ញាណវប្បធម៌ កួយដូចជា ភាសា ជំនឿសែនអារក្សអ្នកតា ពិធីមង្គលការតាមបែបប្រពៃណីជនជាតិកួយ កំពុងបាត់បង់ដោយសារជនជាតិកួយខ្លួនឯងបោះបង់ចោលផង ដោយសារកត្តានយោបាយក្នុងប្រទេស រួមផ្សំឥទ្ធិពលវត្តមានវប្បធម៌ស៊ីវិល័យរបស់បរទេស នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃផង៕










