ហុងកុង ៖ ហុងកុងបានជំរុញវិស័យទេសចរណ៍របស់ខ្លួន ដោយមានប្រូម៉ូសិនផ្សេងៗ រួមទាំងចែកសំបុត្រយន្តហោះឥតគិតថ្លៃចំនួន៥០ម៉ឺនសំបុត្រដល់ភ្ញៀវទេសចរ អ្នកប្រកបអាជីវកម្ម និងវិនិយោគិននៅទូទាំងពិភពលោក បន្ទាប់ពីបិទព្រំដែនអស់រយៈពេលជាង៣ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។
លោក ចន លី មេដឹកនាំហុងកុង បានបើកយុទ្ធនាការ «Hello Hong Kong» នៅមជ្ឈមណ្ឌលសន្និបាតជិត Victoria Harbor កាលពីថ្ងៃទី២ ខែកុម្ភៈ ដើម្បីបង្ហាញឱ្យឃើញថា ហុងកុងបើកប្រទេសទទួលភ្ញៀវទេសចរ ជំរុញអាជីវកម្ម និងការវិនិយោគ ខណៈផ្ទាំងខាងក្រោយនៃវេទិកាបានបង្ហាញជាភាសាផ្សេងៗ ។
លោក ចន លី ប្រកាសថា នៅពេលនេះ ហុងកុងអាចតភ្ជាប់ជាមួយប្រទេសចិន និងប្រទេសទូទាំងពិភពលោក ដោយគ្មានការឃុំខ្លួន និងលក្ខខណ្ឌផ្សេងៗទេ ។ ការបង្ហាញលើវេទិកានេះ នឹងមានការផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃចំនួន៥០ម៉ឺនសំបុត្រ ។ សំបុត្រភាគច្រើនបានផ្តល់ជូនពីក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ របស់ហុងកុង ហើយនឹងចែកជូនក្នុងកម្មវិធីផ្សេងៗដូចជា ការចាប់ឆ្នោត ប្រូម៉ូសិនទិញសំបុត្រយន្តហោះ១ ថែម១ និងលេងហ្គេមផ្សេងៗ ដែលគម្រោងនេះនឹងចាប់ផ្តើមនៅខែមីនា ហើយមានរយៈពេល៦ខែ ។.jpg)
ក្រុមហ៊ុនអាកាសចរណ៍នឹងចែកសំបុត្រយន្តហោះជាដំណាក់កាល ដោយដំណាក់កាលដំបូងចែកក្នុងទីផ្សារអាស៊ីអាគ្នេយ៍ និងចែកបន្ថែមចំនួន៨ម៉ឺនសំបុត្រដល់ពលរដ្ឋហុងកុងក្នុងរដូវក្តៅ និងចែកជាដំណាក់កាលបន្តបន្ទាប់ ។ ក្រៅពីនេះ អ្នកដំណើរនឹងទទួលបានសិទ្ធិពិសេសផ្សេងៗទៀត ។
គួរបញ្ជាក់ថា ហុងកុងធ្លាប់ទទួលបានអ្នកដំណើរជាង៥៦លាននាក់នៅឆ្នាំ២០១៩ មុនពេលជំងឺកូវីដរាតត្បាត ប៉ុន្តែការបិទព្រំដែន និងវិធានការទប់ស្កាត់ជំងឺកូវីដ បានធ្វើឱ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហុងកុងបានលុបចោលវិធានការឃុំខ្លួននៅសណ្ឋាគារ និងការពិនិត្យកូវីដបែប PCR មុនពេលធ្វើដំណើរ ធ្វើឱ្យហុងកុងចាប់ផ្តើមមានអ្នកដំណើរកើនឡើងបន្តិច ដោយចំនួនអ្នកដំណើរក្នុងឆ្នាំ២០២២ មានត្រឹមតែ១% ប៉ុណ្ណោះ ។ នៅឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុប (GDP) របស់ហុងកុងបានថយចុះ៣,៥% ពីឆ្នាំ២០២១ ៕
ប្រភព ៖ Nation World News










