លោក Pham Nhật Vượng កើតថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៦៨ គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម និងជាមហាសេដ្ឋីលុយពាន់លានដុល្លារទីមួយរបស់វៀតណាម។
គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Vingroup ដែលគេបានស្គាល់គាត់តាមរយៈយីហោម៉ាករថយន្តដ៏ល្បី Vinfast ដែឡកំពុងវាយលុកនៅទីផ្សារអាមេរិក។
លោកគឺជាអតីតនិស្សិតដែលបានទៅសិក្សានៅរដ្ឋធានី Moscow ប្រទេសរុស្ស៊ី។ ក្នុងទសវត្សរ៍ឆ្នាំ ៩០ លោក បានទៅរស់នៅប្រទេសអ៊ុយក្រែនជាទីកន្លែង ដែល Pham Nhat Voung ចាប់ផ្ដើមអាជីវកម្មដំបូងរបស់ខ្លួន គឺក្រុមហ៊ុន Technocom Group ផ្ដោតលើការផលិតម្ហូបអាហារ Fast Food។
លុះក្រោយមកដល់ឆ្នាំ២០០១ មហាសេដ្ឋីរូបនេះ បានវិលត្រឡប់មកកាន់មាតុប្រទេសរបស់ខ្លួនវិញ ដោយបានចូលប្រឡូកវិនិយោគលើវិស័យអចលនទ្រព្យ ហើយបានសម្រេចចិត្តបានលក់ក្រុមហ៊ុនអាហារ Fast Food នៅប្រទេសអ៊ុយក្រែន ដើម្បីផ្ដោតលើការវិនិយោគក្នុងស្រុកវិញ។
មិនបានយូរប៉ុន្មានរូបលោក ក៏បានបង្កើតក្រុមហ៊ុនដំបូងរបស់គាត់ ជ្រកក្រោមឈ្មោះ Vinpearl Land នៅឆ្នាំ ២០០១ ដោយផ្ដោតលើការអភិវឌ្ឍក្នុងវិស័យបដិសណ្ឋារកិច្ច ក្នុងទីក្រុងញ៉ាត្រាំង។ តែ១ឆ្នាំក្រោយមក លោកបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនថ្មីមួយទៀតឈ្មោះ Vincom នៅរដ្ឋធានីហាណូយ។
នៅឆ្នាំ ២០០២ Pham Nhat Voung បានសម្រេចដាក់ក្រុមហ៊ុនរបស់ខ្លួនចូលទៅក្នុងផ្សារហ៊ុន នៅឆ្នាំ២០០២ ដោយបង្កើតជាសម្ព័ន្ធក្រុមហ៊ុន Vingroup។ ក្រុមហ៊ុន Vingroup កាន់តែមានឥទ្ធិពលខ្លាំងឡើងៗ នៅក្នុងសេដ្ឋកិច្ចវៀតណាម និងបានឈរជាជើងខ្លាំងមួយ នៅក្នុងវិស័យលក់រាយ ការិយាល័យ និងពាណិជ្ជកម្មអចលនទ្រព្យ។
យោងតាម Forbes នៅឆ្នាំ ២០២២ នេះ លោក Pham Nhat Voung បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ៤,២ពាន់លាន ពោលគឺធ្លាក់ចុះ ៤,៦៨% ឬប្រមាណ ២០៦លានដុល្លារ ប៉ុន្តែលោកនៅតែជាមហាសេដ្ឋីមានផុតលេខមួយរូបរបស់វៀតណាម៕
ប្រភព៖ Wikipedia










