ប្រទេសកូរ៉េខាងត្បូង ៖ HYBE Corporation ជាក្រុមហ៊ុនផ្នែកកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី៣១ ខែមករា កន្លងមកថា ក្រុមហ៊ុនបានវិនិយោគក្នុងទឹកប្រាក់ចំនួន៤៥.០០០លានវ៉ុន ទិញភាគហ៊ុនរបស់ក្រុមហ៊ុន Supertone ដើម្បីចាប់ផ្តើមជាមួយបច្ចេកវិទ្យាសំឡេង AI (
Artificial intelligence) ។
Supertone ជាក្រុមហ៊ុនធ្វើការផ្នែកបច្ចេកវិទ្យាសំឡេងដ៏ល្បីល្បាញលើពិភពលោក ហើយគេបានស្គាល់ដោយសារក្រុមហ៊ុននេះប្រើបច្ចេកវិទ្យាសំឡេង AI កម្រិតខ្ពស់ដូចសំឡេងមនុស្សពិតប្រាកដ ដូចជា ការសង្កត់សំឡេង ។ បច្ចេកវិទ្យា AI របស់ក្រុមហ៊ុននេះ អាចបង្កើតសំឡេងថ្មីៗបានដោយគ្មានកំណត់ ហើយ AI ក៏អាចច្រៀងផងដែរ ។
សមត្ថភាពបច្ចេកវិទ្យាសំឡេង AI របស់ក្រុមហ៊ុន Supertone ធ្លាប់ត្រូវបានគេបង្ហាញនៅក្នុងកម្មវិធីតន្ត្រីក្នុងស្រុករបស់កូរ៉េខាងត្បូង ដោយការបង្កើតសំឡេងរបស់តារាចម្រៀងដែលស្លាប់ទៅហើយ ដូចជា Kim Gwangseok, Kim Hyunsik, Yoo Jaeha និង Lim Yuntaek ឱ្យត្រឡប់មកមានជីវិតម្តងទៀតតាមរយៈបទចម្រៀង ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២១ HYBE ធ្លាប់បានទិញភាគហ៊ុនពី Supertone រួចហើយ ស្មើ១៨,២% ហើយការប្រកាសទិញភាគហ៊ុនបន្ថែមទៀតនៅពេលនេះ ធ្វើឱ្យក្រុមហ៊ុនក្លាយជាអ្នកកាន់កាប់ភាគហ៊ុនធំបំផុត ខណៈភាគហ៊ុនស្មើ៥៦,១% ។
Park Jiwon នាយកប្រតិបត្តិក្រុមហ៊ុន HYBE បានបញ្ជាក់ពីគោលបំណងនៃការទិញភាគហ៊ុនលើកនេះថា វានឹងធ្វើឱ្យអាជីវកម្មល្អប្រសើរឡើង និងការកម្សាន្តដ៏អស្ចារ្យ តាមរយៈការធ្វើការរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ។ បច្ចេកវិទ្យាសំឡេង AI របស់ Supertone នេះ នឹងធ្វើឱ្យការសម្តែង និងការច្រៀងចម្រៀងកាន់តែមានភាពរស់រវើក ៕
ប្រភព ៖ beartai BRIEF










