ប្រទេសអង់គ្លេស ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា គេចាត់ទុកថ្ងៃទី១ ខែកុម្ភៈ គឺជាថ្ងៃ «Walkout Wednesday» ឬជាថ្ងៃណាត់ពលរដ្ឋអង់គ្លេសចំនួន៥០ម៉ឺននាក់មកពីសហជីពការងារជាច្រើន ដើម្បីធ្វើបាតុកម្មទាមទារប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព ។
សារព័ត៌មានរ៉យទ័ររាយការណ៍ថា ការណាត់គ្នាឈប់ធ្វើការមកធ្វើបាតុកម្មនៅពេលនេះ ធ្វើឱ្យសាលារៀនជាច្រើនកន្លែងត្រូវបិទទ្វារ ខណៈការធ្វើដំណើរដោយរថភ្លើងក៏ត្រូវផ្អាកភ្លាមៗផងដែរ ដោយសារក្រុមបាតុករភាគច្រើនជាមន្ត្រីរាជការ អ្នកបើករថភ្លើង គ្រូបង្រៀន និងបុគ្គលិកសាកលវិទ្យាល័យ ។
លោកស្រី Mary Bousted អគ្គលេខាធិការសហភាពការអប់រំជាតិ បញ្ជាក់ថា សមាជិកម្នាក់ៗរបស់សហជីពមានអារម្មណ៍ថា ពួកគេគ្មានជម្រើសផ្សេង ក្រៅពីឈប់ធ្វើការមកធ្វើបាតុកម្ម ដោយសារប្រាក់ឈ្នួលធ្លាក់ចុះ ហើយមានមនុស្សជាច្រើនបានលាឈប់ពីអាជីពនេះ ។ ក្នុងរយៈពេល១២ឆ្នាំ គេបានកាត់ប្រាក់ខែគ្រូបង្រៀនរហូត ហើយប្រាក់ខែទទួលបានតិចខ្លាំងណាស់ ។ លោកស្រីថា ៖ «គ្មានអ្នកណាម្នាក់ចង់ឈប់ធ្វើការទេ ប៉ុន្តែវាដល់ពេលផ្លាស់ប្តូរហើយ» ។
ដោយសារអតិផរណាខ្ពស់ជាង១០% ក្នុងរយៈពេល៤ទសវត្សរ៍ គេឃើញប្រទេសអង់គ្លេសមានការធ្វើបាតុកម្មជាច្រើនដង ក្នុងនោះ កាលពីចុងខែធ្នូ ឆ្នាំ២០២២ មានសហជីពជាច្រើន រួមទាំងមន្ត្រីសុខាភិបាល និងផ្នែកដឹកជញ្ជូន ខណៈផ្នែកឯកជនមានបុគ្គលិកឃ្លាំងរបស់ Amazon និងបុគ្គលិកប្រៃសណីយ៍ Royal Mail បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារប្រាក់ខែសមរម្យផងដែរ ។
លោកស្រី Gillian Keegan រដ្ឋមន្ត្រីក្រសួងអប់រំអង់គ្លេសបញ្ជាក់ថា ការយល់ព្រមធ្វើតាមការទាមទារដំឡើងប្រាក់ខែ គឺកាន់តែធ្វើឱ្យអត្រាអតិផរណាកើនឡើងខ្ពស់ប៉ុណ្ណោះ ។
សារព័ត៌មាន CNBC រាយការណ៍ថា ក្រុមបាតុករមានគ្រូបង្រៀនចំនួន៣០ម៉ឺននាក់ត្រូវបានកាត់ប្រាក់ខែយ៉ាងតិច២៣% តាំងពីឆ្នាំ២០១០ ។ ក្រៅពីនេះ មានមន្ត្រីរាជការប្រមាណ១០ម៉ឺននាក់ គ្រូបង្រៀនបើកបរ ឆ្មាំសមុទ្រ មន្ត្រីនាយកដ្ឋានការងារ និងសោធននិវត្តន៍ បុគ្គលិកសាកលវិទ្យាល័យ៧ម៉ឺននាក់ គ្រូបង្រៀន សន្តិសុខ និងអ្នកបើកបររថភ្លើងប្រមាណ១០ម៉ឺននាក់ ដែលធ្វើឱ្យបាតុកម្មលើកនេះមានអ្នកចូលរួមច្រើនបំផុតក្នុងរយៈពេល១០ឆ្នាំ ៕ ប្រភព ៖ beartai BRIEF










