ទីក្រុងប៊្រុចសែល៖ រហូតមកដល់ពេលនេះ ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិរបស់អង្គការសហប្រជាជាតិ (IAEA) បានចេញមុខ មកអះអាង ប្រាប់ដល់សភាអឺរ៉ុប ថា ប្រទេសអ៊ីរ៉ង់ មានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់ សម្រាប់ការបង្កើតគ្រាប់បែកមហាប្រល័យលោកជាច្រើនគ្រាប់។
សារព័ត៌មាន The Times of Israel បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ថា លោក រ៉ាហ្វែល ហ្ក្រូសស៊ី (Rafael Grossi) អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា គាត់មានគម្រោង នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ នៅខែក្រោយនេះ សម្រាប់កិច្ចពិភាក្សាដែលមានតម្រូវការយ៉ាងខ្លាំង ស្តីអំពីការចាប់ផ្តើមកិច្ចសហប្រតិបត្តិការ លើសកម្មភាពនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់។ ជាមួយគ្នានេះ ប្រមុខអង្គការឃ្លាមើលនុយក្លេអ៊ែរ រូបនេះ ថែមទាំង បានព្រមាន ថា ក្រុងតេអ៊ីរ៉ង់ មានសម្ភារគ្រប់គ្រាន់ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់។
លោកអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ បានប្រាប់ដល់សមាជិកសភាអឺរ៉ុប ថា «ខ្ញុំប្រហែលជានឹងវិលត្រឡប់ទៅកាន់ទីក្រុងតេអ៊ីរ៉ង់… នៅក្នុងខែកុម្ភៈ សម្រាប់ជាកិច្ចសន្ទនានយោបាយ ដែលត្រូវការចាំបាច់ ឬ ការបង្កើតកិច្ចព្រមព្រៀងឡើងវិញ ជាមួយនឹងប្រទេសអ៊ីរ៉ង់»។
ដំណើរទស្សនកិច្ចបែបនេះ នឹងកើតឡើង នៅក្នុងពេលដ៏អាក្រក់មួយ សម្រាប់ការចរចា ក្រោមកិច្ចសម្របសម្រួល ពីសហភាពអឺរ៉ុប នៅក្នុងគោលបំណងធ្វើឲ្យកិច្ចព្រមព្រៀង ឆ្នាំ២០១៥ រស់ឡើងវិញ ដើម្បីទប់ស្កាត់សកម្មភាពបរមាណូរបស់អ៊ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។
ប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែរ រូបនេះ បានបញ្ជាក់ ថា «គាត់មានក្ដីសង្ឃឹម អំពីវឌ្ឍនភាពមួយចំនួន ជុំវិញការស្ដារកិច្ចសហប្រតិបត្ដិការរបស់អ៊ីរ៉ង់ ឡើងវិញ ជាមួយនឹងទីភ្នាក់ងាររបស់គាត់ នៅក្នុងដំណើរទស្សនកិច្ច នាពេលខាងមុខនេះ។ ចំណែកសកម្មភាពអាតូមិករបស់ក្រុងតេអ៊ីរ៉ង់ នាពេលថ្មីៗនេះ រួមទាំង ការចម្រាញ់ជាតិអ៊ុយរ៉ានីញ៉ូម បានកើនឡើង ហួសការកំណត់របស់ JCPOA ឆ្ពោះទៅដល់កម្រិតមានតម្រូវការចាំបាច់បំផុត សម្រាប់ការផលិតអាវុធមហាប្រល័យលោកជាច្រើនគ្រាប់។ សកម្មភាពបែបនេះ ពិតជាមិនល្អទាល់តែសោះនោះឡើយ»។
លោក រ៉ាហ្វែល ហ្ក្រូសស៊ី (Rafael Grossi) បានសង្កត់ធ្ងន់ ថា «អ៊ីរ៉ង់ បានប្រមូលសម្ភារនុយក្លេអ៊ែរគ្រប់គ្រាន់ សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់ ហើយនេះមិនមែនមានត្រឹមតែមួយនៅចំណុចនោះទេ ដោយបានរាយបញ្ជីអ៊ុយរ៉ាញ៉ូម ចំនួន៧០គីឡូក្រាម ដែលសម្បូរទៅដោយការបន្សុទ្ធ ចំនួន៦០ភាគរយ និង ១ ០០០ គីឡូក្រាម បានបន្សុទ្ធ ចំនួន២០ភាគរយ។ ចំណែកកម្រិត សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរ ត្រូវបានគេចាត់ទុកថា មានការបន្សុទ្ធជិត ៩០ភាគរយ។
ទោះជាយ៉ាងណា លោកប្រធាន Grossi បានកត់សម្គាល់ ថា ឃ្លាំងស្តុកដ៏ធំ នៃសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច មិនមែនមានន័យ ថា អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរនោះឡើយ។ ចំណែកការផលិតគ្រាប់បែកអាតូមិក នឹងទាមទារឲ្យមានការរចនា និង ការសាកល្បង៕