ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានដាស់តឿនថា យើងត្រូវដោះស្រាយបញ្ហាចំនួនពលរដ្ឋជប៉ុនធ្លាក់ចុះ ខណៈប្រទេសជប៉ុនបានប្រឈមមុខនឹងវិបត្តិសង្គមមនុស្សចាស់កើនឡើង និងអត្រាកំណើតធ្លាក់ចុះ ។ លោកបានថ្លែងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ន ចំនួនពលរដ្ឋជប៉ុនកំពុងមានបញ្ហាប្រឈម ហើយអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់ ។ លោកថា ៖ «វិបត្តិនេះត្រូវតែដោះស្រាយភ្លាមៗ រង់ចាំយូរមិនបានទៀតទេ ព្រោះពេលនេះជាឱកាសមួយដើម្បីដោះស្រាយបញ្ហាបាន» ។
លោកនាយករដ្ឋមន្ត្រីត្រូវការជំរុញរឿងនេះជារឿងរបស់ជាតិ និងតាំងចិត្តផ្តល់ប្រាក់ឧបត្ថម្ភទ្វេដងដើម្បីបង្កើនចំនួនពលរដ្ឋនៅខែមិថុនា ដោយបង្កើតភ្នាក់ងារធ្វើការពាក់ព័ន្ធជាមួយកុមារនិងគ្រួសារ នៅក្នុងខែមេសា ។
ក្រសួងសុខាភិបាលជប៉ុនបង្ហាញថា ជប៉ុនជាប្រទេសមួយមានអត្រាកំណើតតិចបំផុតក្នុងពិភពលោក ខណៈកាលពីឆ្នាំ២០២២ មានទារកកើតថ្មីមិនដល់៨សែននាក់ផង ។ វាជាលើកទី១ហើយដែលមានអត្រាកំណើតទាបបំផុតចាប់តាំងពីឆ្នាំ១៨៩៩ មក ។ ជាមួយគ្នានេះ ជប៉ុនក៏ជាប្រទេសមានពលរដ្ឋអាយុវែងបំផុតក្នុងពិភពលោកផងដែរ តាមស្ថិតិឆ្នាំ២០២០ ជប៉ុនមានអ្នកអាយុច្រើនចំនួន១.៥០០នាក់ ពួកគេមានអាយុលើសឬអាយុ១០០ឆ្នាំ ប៉ុន្តែជប៉ុនមានអត្រាកំណើតទាបជាបន្តបន្ទាប់ រហូតក្លាយជាវិបត្តិធ្វើឱ្យប្រទេសនេះសម្បូរពលរដ្ឋអាយុច្រើន និងគ្មានយុវជនធ្វើការគ្រប់គ្រាន់ ។
អ្នកជំនាញនិយាយថា មានកត្តាជាច្រើនទៀតដែលបណ្តាលឱ្យកើតវិបត្តិដូចជា ការចាយវាយលើជីវភាពប្រចាំថ្ងៃខ្ពស់ ទីកន្លែងថែទាំកុមារក្នុងទីក្រុងមិនគ្រប់គ្រាន់ពិបាកចិញ្ចឹមក្មេង ដែលធ្វើឱ្យប្តីប្រពន្ធមានកូនកាន់តែតិច ខណៈពលរដ្ឋនៅតាមខេត្តក៏មានកូនតិចដូចគ្នា ។ អាកប្បកិរិយាចំពោះអាពាហ៍ពិពាហ៍ និងការមានកូនរបស់ពលរដ្ឋជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្លាស់ប្តូរ ខណៈគូស្នេហ៍នីមួយៗមិនព្រមរៀបការ និងមិនចង់មានកូន ដោយសារជួបនឹងការឆ្លងជំងឺកូវីដផង រួមទាំងយុវជនបារម្ភពីអនាគតការងាររបស់ខ្លួនផង ។
ទោះយ៉ាងណា ជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលជប៉ុនបានព្យាយាមលើកទឹកចិត្តឱ្យពលរដ្ឋមានកូនឱ្យបានច្រើន ទាំងនយោបាយកែលម្អទីកន្លែងថែទាំក្មេង និងចំណាយប្រាក់បន្ថែមគាំទ្រឱ្យពលរដ្ឋមានកូនច្រើននៅតាមខេត្ត ។
តាមការស្ទង់មតិរបស់ YuWa Population Research បង្ហាញថា ជប៉ុនជាប្រទេសមានការចាយវាយលើការថែទាំកូនខ្ពស់ស្ថិតក្នុងលំដាប់ទី៣ របស់ពិភពលោក បន្ទាប់ពីចិន និងកូរ៉េខាងត្បូង ។ ប្រទេសចិន និងកូរ៉េខាងត្បូង ក៏ប្រឈមមុខនឹងផលប៉ះពាល់សេដ្ឋកិច្ចផងដែរ ដោយសារចំនួនពលរដ្ឋធ្លាក់ចុះ ៕
ប្រភព ៖ TNN Online