ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស ដោយប្រកាសបដិសេធចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថាប្រទេសកម្ពុជា ជាប្រទេសដែលបានផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ។

នៅក្នុង Channel Telegram ដែលមានឈ្មោះថា «Demografiya upala» បានផ្សាយនៅឈ្មោះប្រទេស ដែលផ្តល់ជំនួយយោធា ផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ប្រទេសអព្យាក្រឹត្យ និងប្រទេសដែលគាំទ្រ ប្រទេសរុស្ស៊ី ដោយក្នុងនោះប្រទេសកម្ពុជា គឺជាប្រទេសដែលត្រូវបាន Channel Telegram នេះ ផ្សាយថាស្ថិតក្នុងបណ្តាប្រទេសដែលផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន។

ក្រសួងការបរទេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តផ្ដល់ជំនួយផ្នែកបណ្ដុះបណ្ដាល បច្ចេកទេស ដោះគ្រាប់មីន ដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសកម្ពុជា គឺក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ដែលធ្វើឡើងដោយផ្អែកលើគោលការណ៍ មនុស្សធម៌សុទ្ធសាធ ដូចគ្នាទៅនឹងបេសកកម្មរក្សាសន្តិភាពនានារបស់កម្ពុជា ក្រោមឆ័ត្រអង្គការ សហប្រជាជាតិ នៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាដូច្នោះដែរ។

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរៀបចំពិធី បិទវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់អង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ ប្រទេសអ៊ុយក្រែន (SESU) ដោយមានការអញ្ជើញជាអធិបតីពីលោក អ៊ុច បូរិទ្ធ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកIchitomo TANINAN ភារធារីស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី Katsura MIYAZKI អនុប្រធានអង្គការJICA-TOKYO និងលោក Stanislav Kulykivsky ប្រធានជំនួយច្ចេកទេសរបស់អ៊ុយក្រែន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZLQrlNPeTyka160fZsJ4TRje-2O_J40x_EnBl45CR_eDt0wIW0UXtRuNblPwuUlGfyPi50mESDE44VSQp5xXXgCaCop_EOovMIIDdzEZlOV0w3zu_8ZDWnpZEa_W10iaERBCFyffUQLJm3aLOaNI6NaMUnp_uxPel94pFliXg5Lx_tJ6R4yWQQsFx/s1280/photo_2023-01-25_09-45-46.jpg