អន្តរជាតិ៖ ប្រទេសចិនបានរាយការណ៍ឱ្យដឹងថា មនុស្សជិត ១៣,០០០នាក់ បានស្លាប់ដោយសារមេរោគរាតត្បាត កូវីដ-១៩ ក្នុងរយៈមួយសប្តាហ៍ ដោយអ្នកជំនាញបានអះអាងថា នេះគឺជារលកនៃការឆ្លងនៅក្នុងប្រទេសដែលបានឈានដល់កម្រិតកំពូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែមករា មន្ត្រីសុខាភិបាលចិនបាននិយាយថា ចំនួនអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានឆ្លងផុតកម្រិតកំពូលហើយ ដោយតិចជាង ៤០ភាគរយ នៃអ្នកដែលត្រូវបានព្យាបាលក្នុងស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី២៣ ខែមករា បើប្រៀបធៀបទៅនឹង កំណត់ត្រាខ្ពស់បំផុតនៅថ្ងៃទី ៥ ខែមករា។

ប្រទេសចិន ក្នុងខែធ្នូ បានចាប់ផ្តើមបន្ធូរបន្ថយវិធានការឆ្លើយតបកូវីដ-១៩ ក្នុងស្រុក និងបានលុបចោលតម្រូវការឯកសារសម្រាប់មនុស្សដែលចូលមកពីបរទេសចាប់ពីថ្ងៃទី៨ ខែមករា ដោយបញ្ចប់ការបិទប្រទេសជិតក្នុងរយៈ៣ឆ្នាំ ក្រោមគោលនយោបាយ No Covid ដើម្បីដោះស្រាយជំងឺរាតត្បាត។

ប្រទេសចិន ក៏បានផ្អាករាល់ការបង្ហាញទិន្នន័យនៃចំនួនប្រជាជនឆ្លង ស្លាប់ប្រចាំថ្ងៃផងដែរ បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹង ប៉ុន្តែការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកឆ្លងបានធ្វើឱ្យប្រព័ន្ធសុខភាពស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។

លោក Wu Sun You ប្រធានផ្នែករោគរាតត្បាតនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិនបាននិយាយកាលពីថ្ងៃទី២១ ខែមករាថា វាពិតជាលំបាកណាស់សម្រាប់ប្រទេសចិនក្នុងការបំបែករលកថ្មីនៃកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយសារតែប្រហែល ៨០ភាគរយ នៃប្រជាជនរបស់ប្រទេសចិនត្រូវបានឆ្លងមេរោគកូវីដ-១៩ ៕