ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២២ ខែមករា កន្លងមក ប្រទេសឥណ្ឌូណេស៊ីបានទទួលជើងហោះហើរដំបូងរបស់ភ្ញៀវទេសចរចិនមកកម្សាន្តនៅកោះបាលី បន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ភ្ញៀវទេសចរចិន២១០នាក់បានធ្វើដំណើរតាមយន្តហោះ Lion Air ដែលហោះហើរពីទីក្រុង Shenzhen ខេត្តក្វាងទុង បន្ទាប់ពីប្រទេសចិនបានលុបចោលវិធានការរឹតបន្តឹតជំងឺកូវីដ កាលពីថ្ងៃទី៨ ខែមករា កន្លងមក ។

វាជាលើកដំបូងហើយដែលភ្ញៀវទេសចរចិនជាច្រើននាក់បានធ្វើដំណើរកម្សាន្តក្រៅប្រទេស ក្នុងរយៈពេល២-៣ឆ្នាំមកនេះ ។ ភ្ញៀវទេសចរចិនម្នាក់និយាយថា មានអារម្មណ៍រំភើបរីករាយខ្លាំងបំផុត ដែលគាត់បានធ្វើដំណើរមកលេងក្រៅប្រទេស ។ គាត់និយាយថា ៖ «រដ្ឋាភិបាលចិនគាំទ្រឱ្យពួកគាត់ធ្វើដំណើរទៅកាន់ក្រុមប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់តាំងពីឆ្នាំ២០២៣ តទៅ» ។

គេសង្កេតឃើញថា ការមកកម្សាន្តរបស់ភ្ញៀវទេសចរចិន គឺជាសញ្ញានៃការងើបឡើងវិញជាថ្មីរបស់ក្រុមហ៊ុនទេសចរណ៍ឥណ្ឌូណេស៊ី រួមទាំងភោជនីយដ្ឋាននានាផងដែរ ដែលបានតុបតែងលម្អសម្រាប់ទាក់ទាញភ្ញៀវចិន ស្វែងរកមុខម្ហូបដែលជនជាតិចិនចូលចិត្ត និងជួលបុគ្គលិកដែលអាចនិយាយភាសាចិនឱ្យត្រឡប់មកបម្រើការងារម្តងទៀត ។

ប្រទេសឥណ្ឌូណេស៊ីរំពឹងថា នឹងមានភ្ញៀវទេសចរចិនចំនួន២៥ម៉ឺន៥ពាន់នាក់ធ្វើដំណើរមកកម្សាន្តឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៣នេះ ដោយកើនឡើងពីចំនួន៩ម៉ឺន៥ពាន់ក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០២២ ។ ប៉ុន្តែវានៅតែតិចជាងចំនួន២លាននាក់ក្នុង១ឆ្នាំ បើធៀបនឹងតួលេខមុនពេលការរាតត្បាតនៃជំងឺកូវីដ ។ គេសង្ឃឹមថា ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិន នឹងជួយបង្កើនប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ឥណ្ឌូណេស៊ីផងដែរ ។ កាលពីថ្ងៃទី២០ ខែមករា ក្រសួងទេសចរណ៍ឱ្យដឹងថា ឥណ្ឌូណេស៊ីមានគោលដៅបង្កើនចំនួនភ្ញៀវទេសចរចិនពី៣,៥លាននាក់ ទៅ៧,៤លាននាក់ ។

ឥណ្ឌូណេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅ ដែលភ្ញៀវទេសចរចិនបានស្វែងរកតាមរយៈវែបសាយ ខណៈរដ្ឋាភិបាលក្រុងហ្សាកាតាចាប់ផ្តើមបង្កើនជើងហោះហើរត្រង់ពីទីក្រុងធំៗរបស់ចិន ដូចជា ទីក្រុងប៉េកាំង សៀងហៃ និងក្វាងចូវ មកកាន់ឥណ្ឌូណេស៊ី ៕Bali - What you need to know before you go - Go Guides

ប្រភព ៖ TNN World