ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងប្រារព្ធកម្មវិធី ១០០ថ្ងៃរាប់ថយក្រោយមុនឈានដល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា “សូមកុំភ្លេចនៅថ្ងៃទី២៥ នឹងចាប់ផ្តើមធ្វើឱ្យមានចលនាជាតិមួយ រាប់ថយក្រោយ ២៥គឺស្រែកថា ១០០ថ្ងៃ ដល់ទៅថ្ងៃទី២៦ ស្រែកថា ៩៩ថ្ងៃ ដល់ទៅថ្ងៃទី២៧ ស្រែកថា ៩៨ថ្ងៃ រាប់ថយក្រោយ”។

សម្តេចតេជោបានលើកឡើងថា កម្ពុជានឹងខិតខំរៀបចំការប្រកួតស៊ីហ្គេម និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម (ជនមានពិការភាព) ដែលនឹងធ្វើឡើងនៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពរីករាយដល់ភ្ញៀវដែលមកចូលរួមការប្រកួតស៊ីហ្គេម។

សម្តេចបានថ្លែងថា មិនមែនគ្រាន់តែឈ្នះមេដាយទេ តែធ្វើជាម្ចាស់ផ្ទះដែលមានការទទួលខុសត្រូវ ផ្តល់សុវត្ថិភាពដល់កីឡាករកីឡាការិនី និងអ្នកដឹកនាំមកពីបណ្តាប្រទេសនានា ផ្តល់ការសប្បាយរីករាយសម្រាប់ពួកគេដែលមកដល់ទឹកដីកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់នឹងយាងទៅប្រទាន «ព្រះអគ្គិកីឡា» នៅប្រាសាទអង្គរវត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ៕