ប្រទេសរុស្ស៊ី ៖ មិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានគំរាមសហរដ្ឋអាមេរិក និងណាតូ អំពីការបញ្ជូនអាវុធធុនធ្ងន់ទៅឱ្យប្រទេសអ៊ុយក្រែន នឹងធ្វើឱ្យពិភពលោកកើតសង្គ្រាម និងធ្លាក់ចូលក្តីវិនាស ។
សារព័ត៌មានរយទ័ររាយការណ៍ថា លោក វាយ៉ាជេស្លេវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានរដ្ឋឌូម៉ានៃសហព័ន្ធរុស្ស៊ី និងជាមិត្តជិតស្និទ្ធជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយគំរាមទៅកាន់សហរដ្ឋអាមេរិក និងប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) តាមតេឡេក្រាមថា ការសម្រេចចិត្តបញ្ជូនអាវុធធុនធ្ងន់ទៅឱ្យអ៊ុយក្រែនប្រើប្រាស់ដើម្បីគំរាមកំហែងទឹកដីរុស្ស៊ី នឹងធ្វើឱ្យពិភពលោកធ្លាក់ចូលក្នុងក្តីវិនាស ។
លោក វ៉ូឡូឌីន និយាយថា ៖ «បើក្រុងវ៉ាស៊ីនតោន និងណាតូ ស្វែងរកអាវុធដើម្បីមកវាយប្រហារជនស៊ីវិល និងព្យាយាមរឹបអូសទឹកដីយើងតាមពាក្យគំរាមរបស់គេ យើងនឹងតបតដោយប្រើអាវុធមានឥទ្ធិលខ្លាំងជាងវាយប្រហារវិញ» ។
លោក វ៉ូឡូឌីន បានលើកឡើងបែបនេះកាលពីសប្តាហ៍មុន ក្រោយពីប្រទេសលោកខាងលិចសន្យាថា នឹងបញ្ជូនអាវុធក្នុងតម្លៃជាច្រើនលានដុល្លារអាមេរិក មកជួយអ៊ុយក្រែនដើម្បីការពារអធិបតេយ្យនិងដែនដីរបស់ខ្លួន បន្ទាប់ពីត្រូវរុស្ស៊ីឈ្លានពានអស់រយៈពេលជិត១ឆ្នាំ ។
ទោះយ៉ាងណា បើទោះជាសមាជិករបស់ណាតូនឹងជួយអ៊ុយក្រែនបន្ថែមទៀត ប៉ុន្តែបច្ចុប្បន្ននេះ នៅមានបញ្ហាដោយសារប្រទេសអាល្លឺម៉ង់នៅមិនទាន់សម្រេចចិត្តផ្តល់រថក្រោះទៅឱ្យអ៊ុយក្រែនទេ ខណៈអាល្លឺម៉ង់ត្រូវបានគេស្នើសុំឱ្យបញ្ជូនរថក្រោះខ្លារខិន (Leopard 2) ទៅឱ្យអ៊ុយក្រែនសម្រាប់ទប់ទល់ក្នុងសង្គ្រាមជាមួយរុស្ស៊ី ។
កាលពីសប្តាហ៍មុន លោក ឌីមីទ្រី មេដវេដេវ អតីតប្រធានាធិបតីរុស្ស៊ី ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី និងជាបុគ្គលសំខាន់ម្នាក់ទៀតរបស់លោកប្រធានាធិបតី ពូទីន ក៏បានចេញមកគំរាមណាតូដែរថា ការចាញ់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងធ្វើឱ្យពិភពលោកកើតសង្គ្រាមនុយក្លេអ៊ែរ ។
ពាក្យគំរាមរបស់លោក វ៉ូឡូឌីន និងលោក មេដវេដេវ ក៏ស្របគ្នានឹងអ្វីដែលមេដឹកនាំប្រទេសរុស្ស៊ីធ្លាប់បានប្រកាសកាលពីពេលមុននេះថា រុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងករណីចាំបាច់ ដើម្បីការពារបូរណភាពទឹកដីប្រទេសរុស្ស៊ី ៕
ប្រភព ៖ Workpointtoday