បរទេស៖ នូវែលសេឡង់ជ្រើសរើសលោក Chris Hipkins(គ្រីស ហីបខិន) ជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី Jacinda Ardern(ចាសិនដា អាឌើន) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោមការបោះឆ្នោតជ្រើសរើសរបស់រដ្ឋសភា ដោយលោក Chris Hipkins(គ្រីស ហីបខិន) ជានាយករដ្ឋមន្ត្រីថ្មីជំនួស ហើយក៏ជានាយករដ្ឋមន្ត្រីទី៤១របស់ប្រទេសនេះផងដែរ។

កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីប្រទេសនូវែលសេឡង់ ដែលបានបង្ហាញថា សមាជិកសភាការងារចំនួន ៦៤ធ្វើការបោះឆ្នោតជ្រើសរើសតែងតាំងលោក Chris Hipkins (គ្រីស ហីបខិន) អាយុ ៤៤ ឆ្នាំគឺជាបេក្ខភាពតែមួយគត់សម្រាប់តំណែងជាផ្លូវការនៃមេដឹកនាំថ្មីរបស់ប្រទេសនូវែលសេឡង់ និងជានាយករដ្ឋមន្ត្រីទី ៤១ របស់ប្រទេសមួយនេះ។

ការតែងតាំងលោក Chris Hipkins(គ្រីស ហីបខិន) ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពីការលាលែងពីតំណែងភ្លាមៗរបស់លោកស្រី Jacinda Ardern(ចាសិនដា អាឌើន) កាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ ខែមករា ឆ្នាំ២០២៣ ក្រោមហេតុផលលើកឡើងថាលោកស្រីមិនបានត្រៀមខ្លួនជាស្រេចដើម្បីគ្រប់គ្រងប្រទេស និងភាពជាអ្នក ដឹកនាំ។

ការប្រកាសនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីគណបក្សការងារកំពុងកាន់អំណាច បានបញ្ជាក់យ៉ាងច្បាស់ថាលោក Chris Hipkins(គ្រីស ហីបខិន) ជាអ្នកស្នងតំណែងថ្មីដែលអាចឱ្យប្រជាជនមានទំនុកចិត្ត  ហើយក្នុងនោះក៏បានតែងតាំងលោកស្រី Carmel Sepuloni(ខារ៉ាម៉ែល ស៊ីបប៉ូលូនី) ជាឧបនាយករដ្ឋមន្ត្រីថ្មីដូចគ្នា។

គួររំលឹកថាលោក Hipkins(ហីបខិន) ត្រូវបានជ្រើសរើសជាសមាជិកសភាជាលើកដំបូងក្នុងឆ្នាំ ២០០៨ ហើយបានក្លាយជាបុគ្គលដ៏មានឥទ្ធិពលសម្រាប់ប្រជាជននូវែលសេឡង់ដែលជាជួរមុខរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីត ១៩កន្លងទៅ មិនតែប៉ុណ្ណោះលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅ ខែកក្កដា ឆ្នាំ ២០២០ មុនពេលចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជំងឺកូវីដ-១៩នៅចុងឆ្នាំដដែលនេះ។

លើសពីនោះលោក Hipkins(ហីបខិន) ដែលត្រូវបានគេកោតសរសើរចំពោះសមត្ថភាពរបស់គាត់ក្នុងការទប់ទល់នឹង កូវីដ-១៩យ៉ាងមានប្រសិទ្ធភាព  និងជាអ្នកដោះស្រាយបញ្ហាសម្រាប់លោកស្រី Ardern(អាឌើន) កន្លងមក ខណៈពេលដែលរដ្ឋមន្ត្រីផ្សេងទៀតមិនអាចធ្វើបាន៕ ប្រភព៖ Thairath