ប្រទេសបង់ក្លាដែស ៖ លោក Nasrul Hamid រដ្ឋមន្ត្រីក្រសួងអគ្គិសនី ថាមពល និងរ៉ែរបស់បង់ក្លាដែស បានថ្លែងទៅកាន់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី១៨ ខែមករាថា រដ្ឋាភិបាលបង់ក្លាដែសបានដាក់ផែនការតាមដំណាក់កាលផលិតអគ្គិសនីឱ្យបាន៤០% ពីថាមពលស្អាត និង១០% ពីប្រភពថាមពលកកើតឡើងវិញនៅក្នុងឆ្នាំ២០៤១ ដើម្បីធានាដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋឱ្យបានគ្រប់តំបន់ ។
ក្នុងនោះដែរ ប្រទេសបង់ក្លាដែសបាននាំចូលអគ្គិសនីក្រោមកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ពីប្រទេសជិតខាងប្រមាណ៩.០០០មេហ្គាវ៉ាត់ ។
តាមទិន្នន័យពីក្រសួងអគ្គិសនី ថាមពល និងរ៉ែ បញ្ជាក់ថា សមត្ថភាពផលិតអគ្គិសនីរបស់ប្រទេសបង់ក្លាដែស គឺស្មើប្រមាណ២៥.៨២៦មេហ្គាវ៉ាត់ និងមានការនាំចូលអគ្គិសនីពីក្រៅប្រទេសចំនួន១.១៦០មេហ្គាវ៉ាត់ ជាពិសេស ការនាំចូលថាមពលវារីអគ្គិសនីពីប្រទេសនេប៉ាល់ និងប្រទេសប៊ូតាន ជាមួយគោលដៅច្បាស់លាស់ ។
គួរបញ្ជាក់ថា សមត្ថភាពដំឡើងថាមពលកកើតឡើងវិញរបស់ប្រទេសនេះបានកើនឡើងស្មើ៩៥០.៧២មេហ្គាវ៉ាត់ ។ រដ្ឋាភិបាលបង់ក្លាដែសប្តេជ្ញាអនុវត្តផែនការផលិតថាមពលឱ្យបានចំនួន៤ម៉ឺនមេហ្គាវ៉ាត់នៅក្នុងឆ្នាំ២០៣០ និង៦ម៉ឺនមេហ្គាវ៉ាត់នៅក្នុងឆ្នាំ២០៤១ ៕
ប្រភព ៖ TNN World










