បរទេស៖ ក្រុមហ៊ុន Microsoft Corp. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះថាខ្លួននឹង បញ្ឈប់កម្មករចំនួន ១ ម៉ឺននាក់ ព្រោះតែវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Microsoft Corp. លោក Satya Nadella បានធ្វើសេចក្តីថ្លែងការណ៍មួយប្រកាសពីការបញ្ឈប់ការងារបុគ្គលិកចំនួន ១០,០០០ នាក់ ព្រោះតែស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ និងតំបន់ជាច្រើនចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ជាមួយគ្នានោះលោក Nadella ក៏បានធ្វើការអះអាងថា តួលេខនៃបុគ្គលិកដែលត្រូវបញ្ឈប់ខាងលើនោះជាចំនួនតិចជាង ៥ភាគរយប៉ុណ្ណោះ នៃកម្លាំងពលកម្មសកលរបស់ក្រុមហ៊ុន Microsoft នាពេលបច្ចុប្បន្ន។

ទោះជាយ៉ាងណាការប្រកាសនេះលោកមិនបានបញ្ជាក់ថានាយកដ្ឋានណាមួយដែលបុគ្គលិកនឹងត្រូវបញ្ឈប់ពីការងារនោះឡើយ។

គួររំលឹកផងដែរថាកាលពីកន្លងទៅថ្មីៗនេះ Amazon.com, Inc. ដែលជាក្រុមហ៊ុនល្បីឈ្មោះជាកន្លែងលក់ទំនិញអនឡាញនៅសហរដ្ឋអាមេរិក ក៏បានប្រកាសពីការបញ្ឈប់ការងារបុគ្គលិកដូចគ្នាចំនួន ១៨,០០០នាក់។ ជាមួយគ្នានោះនៅដើមខែមករានេះ ក្រុមហ៊ុន Salesforce, Inc. ដែលជាក្រុមហ៊ុនផ្នែកទន់ មានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិកក៏បានប្រកាសពីការបញ្ឈប់បុគ្គលិកចំនួន ៨,០០០ នាក់ ឬ ១០ភាគរយ នៃកម្លាំងការងារទូទាំងពិភពលោករបស់ក្រុមហ៊ុន ព្រោះតែវិបត្តិនេះផងដែរ។

គួរបញ្ជាក់ផងដែរថា Microsoft គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលបានជួលមនុស្សជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ដោយនៅក្នុងបញ្ជីឆ្នាំសារពើពន្ធចុងក្រោយបំផុតរបស់ខ្លួនដែលបញ្ចប់ត្រឹមខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន Microsoft បានរាយការណ៍ថាមានបុគ្គលិកចំនួន ២២១,០០០ នាក់ដែលបម្រើការក្នុងក្រុមហ៊ុន កើនឡើង ២២ភាគរយបើធៀបនឹងឆ្នាំ២០២១៕ ប្រភព៖ Dailynews