បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀតរបស់អ៊ុយក្រែន បានស្លាប់នៅក្នុងឧបទ្ទវហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រមួយនៅជាយក្រុងគៀវ ខណៈកំពុងប្រតិបត្តិការ។

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីឧប្បត្តិហេតុដ៏រន្ធត់មួយ អំពីការធ្លាក់ឧទ្ធម្ភាគចក្រ នៅទីក្រុង Bovary ជាយក្រុងគៀវ (Kiev) រដ្ឋធានីនៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សអស់ចំនួន១៨នាក់។
យោងតាមរបាយការណ៍បញ្ជាក់បន្ថែមបានឱ្យដឹងថា ហេតុការនេះបានកើតឡើងដោយឧទ្ធម្ភាគចក្របានធ្លាក់នៅជិតសាលាមត្តេយ្យ និងផ្ទះសាធារណៈនៅបូវ៉ារី ពេលនោះឧទ្ធម្ភាគចក្រក៏បានឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានមនុស្ស ១៨ នាក់បានស្លាប់ក្នុងនោះកុមារ៣នាក់ និងរបួស ២៩នាក់ ហើយ អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

បន្ថែមពីនោះក្នុងហេតុការណ៍នៃឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍មកថាមានរដ្ឋមន្ត្រីមហាផ្ទៃលោក Denys Monastyrsky អាយុ ៤២ ឆ្នាំ និងអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Yevgeny Yenin និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងក្រសួងមហាផ្ទៃសំខាន់ៗផ្សេងទៀតក្នុងចំណោម១៨នាក់ដែលបានស្លាប់។

ជាមួយគ្នានោះអគ្គស្នងការនគរបាលជាតិអ៊ុយក្រែន បានជូនដំណឹងតាមហ្វេសប៊ុកបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះជាកម្មសិទ្ធិរបស់ទីភ្នាក់ងារស្ថានការណ៍សង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែន ប៉ុន្តែមូលហេតុនៃការធ្លាក់នេះមិនត្រូវបានគេដឹងច្បាស់នោះឡើយ។
ហើយពេលើនេះស្ថានការណ៍ស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីរកពីមូលហេតុពិតនៃគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយនេះ៕ ប្រភព៖ Thairath