រាជធានីឡុងដ៍៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោកមួយចំនួន កំពុងតែត្រៀមខ្លួន បញ្ជូនរថក្រោះរបស់អាល្លឺម៉ង់ ទៅជួយដល់អ៊ុយក្រែន នោះ រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស ក៏បានបង្ហាញនូវការរិះគន់យ៉ាងខ្លាំង ដល់ប្រទេសមហាសេដ្ឋកិច្ចកំពូលរបស់អឺរ៉ុបមួយនេះ ជុំវិញភាពស្ទាក់ស្ទើររបស់ក្រុងប៊ែរឡាំង នៅក្នុងការបញ្ជូនរថក្រោះដ៏ទំនើប ទៅជួយដល់ក្រុងកៀវ។
សារព័ត៌មាន Telegraph របស់ចក្រភពអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៦ ខែមករា ថា លោក បែន វ៉ាលឡេស (Ben Wallace) រដ្ឋមន្រ្ដី ក្រសួងការពារជាតិចក្រភពអង់គ្លេស បានចូលរួមអំពាវនាវដល់ក្រុងប៊ែរឡាំង សុំឲ្យបញ្ជូនរថក្រោះដ៏ទំនើប Leopard II (ឡេអូផាដ ២) ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ បញ្ជូនទៅកាន់អ៊ុយក្រែន។ ការអំពាវនាវរបស់លោករដ្ឋមន្រ្ដី បានកើតឡើង ស្របពេលចក្រភពអង់គ្លេស បានប្រកាសផ្ដល់ជំនួយយោធាថ្មី ជួយដល់ក្រុងកៀវ។
លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានចូលរួមចុះបញ្ជីឈ្មោះ សម្រាប់ការអំពាវនាវ ដល់ប្រទេសអាល្លឺម៉ង់ ដើម្បីអនុញ្ញាត ដល់បណ្ដាប្រទេសផ្សេងៗទៀត បញ្ជូនរថក្រោះ Leopard II ទៅកាន់ប្រទេសអ៊ុយក្រែន។ ជាមួយនឹងការអំពាវនាវនោះ លោក Ben Wallace ថែមទាំងបានជំរុញឲ្យក្រុងប៊ែរឡាំង បើកភ្លើងខៀវ អនុញ្ញាតដល់រថក្រោះ Leopard II ត្រូវបរិច្ចាគ ជួយដល់អ៊ុយក្រែន។
ស្របគ្នានេះដែរ ប្រមុខការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ ថា ក្រុងឡុងដ៍ បានសន្យាផ្ដល់រថក្រោះ ប្រភេទ Challenger 2 ចំនួន១៤គ្រឿង និង ប្រព័ន្ធកាំភ្លើងធំបាញ់ ចម្ងាយឆ្ងាយ ជួយដល់អ៊ុយក្រែន។ ជំនួយយោធារបស់បស្ចិមលោក នឹងជួយដល់ក្រុងកៀវ ឲ្យឆាប់ទទួលបានជ័យជម្នះ។
ទន្ទឹមនឹងការផ្ដល់រថក្រោះ និង កាំភ្លើងធំ AS-90 នោះ លោក Wallace បានសន្យា ថា គ្រាប់រ៉ុក្កែតណែនាំផ្លូវជាក់លាក់ រាប់រយគ្រាប់ និង គ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស នឹងត្រូវបានបញ្ជូន ក៏ដូចជា ការចំណាយលុយ ចំនួន២០លានផោន (លុយអង់គ្លេស) ឬស្មើនឹងប្រហែលជាង២៤,៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទិញយន្តហោះគ្មានមនុស្សបើក ឬដ្រូន នាំទៅផ្គត់ផ្គង់ ដល់កងទ័ពការពារទឹកដីអ៊ុយក្រែន។
លោករដ្ឋមន្រ្ដីក្រសួងពារជាតិ បានសង្កត់ធ្ងន់ ថា កញ្ចប់ជំនួយយោធាទាំងនេះ ត្រូវគេរំពឹង ថានឹងត្រូវពង្រឹង ដោយគ្រឿងបរិក្ខារ មកពីប្រទេសផ្សេងៗទៀត។ នេះមានន័យ ថា អ៊ុយក្រែន អាចវាយបក និង ទប់ទល់ រហូតឈានដល់ការបណ្តេញកម្លាំងទាហានរុស្ស៊ី ចេញអស់ពីប្រទេស»។
ថ្លែងទៅកាន់រដ្ឋសភា លោករដ្ឋមន្រ្ដី បានទទួលស្គាល់ អំពីការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងរយៈពេល៤សប្ដាហ៍កន្លងមកនេះ។ ចំណែកទាហានរុស្ស៊ី នៅតែបន្ដវាយប្រហារ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន។
ជាមួយនឹងការអំពាវនាវនេះ លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស ក៏បានរិះគន់ដល់ភាពស្ទាក់ស្ទើររបស់អាល្លឺម៉ង់ នៅក្នុងការបញ្ជូនរថក្រោះ ផលិតនៅក្នុងប្រទេសមួយនេះ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្រ្ដី បានជំរុញដល់ក្រុងប៊ែរឡាំង ជាអ្នកផលិតរថក្រោះ ត្រូវផ្ដល់ការអនុញ្ញាតដ៏ចាំបាច់ សម្រាប់ធ្វើឲ្យប្រទេសចំនួន១៤ផ្សេងទៀត ដែលប្រើប្រាស់រថក្រោះ Leopard II អាចបញ្ជូនទៅឲ្យក្រុងកៀវ វាយបណ្ដេញទាហានរុស្ស៊ី ឲ្យចេញពីប្រទេសរបស់ពួកគេ៕










