បរទេស៖ ហុងកុង និង ចិនដីគោក បានបើកដំណើរការសម្រាប់ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាលើកដំបូងម្ដងទៀតក្នុងរយៈពេលជិត ៣ ឆ្នាំបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ កូវីដ-១៩។

កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសចិនបានបន្តសេវារថភ្លើងល្បឿនលឿននៅលើផ្លូវដែលតភ្ជាប់តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសចិនដីគោកម្តងទៀត បន្ទាប់ពីការផ្អាកសេវាកម្មអស់រយៈពេលជិត ៣ ឆ្នាំក្នុងអំឡុងពេលមានស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ រីករាលដាល។

ដោយក្នុងការដំណើរការរថភ្លើងដំបូងនេះ គេបានរៀបចំជើងរថភ្លើងល្បឿនលឿន ចាកចេញពីស្ថានីយ៍ West Kowloon របស់ហុងកុង ឆ្ពោះទៅទីក្រុង Shenzhen ខេត្ត Guangdong នៃប្រទេសចិនដីគោក។

ទន្ទឹមនឹងនោះបើតាមអ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែកចិនបានឱ្យដឹងបន្ថែមថា ក្រោយការចាប់ផ្តើមនៃ ដំណើរការទទួលសេវាធ្វើដំណើរតាមផ្លូវរថភ្លើងល្បឿនលឿននេះឡើងវិញ មានចំនួនជាមធ្យម ៣៨.៥ គូនឹងត្រូវបានរៀបចំក្នុងមួយថ្ងៃ ដោយធ្វើដំណើរការពីស្ថានីយ៍ផ្សេងៗនៅ Guangzhou និង Shenzhen របស់ចិន ទៅកាន់ស្ថានីយ៍កោះ Kowloon ខាងលិចទីក្រុងហុងកុង ហើយនឹងកែសម្រួលផែនការប្រតិបត្តិការនាពេលអនាគតទៅតាមលំហូរអ្នកដំណើរបន្តទៀត។

ក្នុងនោះការបើកដំណើរការឡើងវិញនេះកើតឡើងចំពេលមានរលកនៃការឆ្លងដ៏ធំនៅទូទាំងប្រទេសចិន ខណៈអាជ្ញាធរបាននិយាយថាមានមនុស្សជិត ៦០,០០០ នាក់ដែលមានជំងឺកូវីដ និងបានស្លាប់នៅក្នុងមន្ទីរពេទ្យត្រឹមរយៈពេល១ខែ និងក្រោយពីការផ្លាស់ប្តូរ ព្រមទាំងបន្ធូរបន្ថយច្បាប់ការពារកូវីដក្នុងប្រទេសភ្លាមៗកាលពីសប្ដាហ៍មុនលើគោលនយោបាយ “គ្មានកូវីដ” ក្នុងប្រទេសចិន។

ទោះជាយ៉ាងណា ថ្វីត្បិតតែប្រទេសចិននៅតែមានការឆ្លងរីករាលដាលខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកដំណើរមួយចំនួនបានសម្តែងក្តីរំភើប និងមានអារម្មណ៍ថាធូរស្រាលអំពីលទ្ធភាពក្នុងការត្រឡប់ទៅស្រុកកំណើតរបស់ពួកគេបានកាន់តែងាយស្រួលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ជាមួយនឹងការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនមួយនេះ។

មិនតែប៉ុណ្ណោះការបើកដំណើរការនៃរថភ្លើងល្បឿនលឿនជាលើកដំបូងនេះ វាក៏ជាជំហានចាប់ផ្ដើម ក្នុងការលើកកម្ពស់ការស្តារឡើងវិញនូវសេវាផ្លូវដែកល្បឿនលឿនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឱ្យវិលមករកស្ថានភាពសេដ្ឋកិច្ច ​និងវិស័យផ្សេងៗ ជាពិសេសវិស័យទេសចរ ត្រឡប់មករកសភាពដើមឡើងវិញ ​បន្ទាប់ពីជាប់គាំងជិត៣ឆ្នាំកន្លងមកនេះ៕ ប្រភព៖ voanews