បរទេស៖ កុំភ្លេចខកខានមើលផ្កាយដុះកន្ទុយដែលបានរកឃើញកាលពីឆ្នាំមុន ពេលនេះវាបានវិលជុំវិញផែនដី និងព្រះអាទិត្យ រហូតដល់អ្នកអាចមើលឃើញផ្កាយដុះកន្ទុយនេះដោយភ្នែកទទេជាលើកដំបូងក្នុងរយៈពេល ៥០,០០០ ឆ្នាំ។

កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ប្រាប់ពិភពលោក ដោយកុំឱ្យខកខានមើលផ្កាយដុះកន្ទុយឈ្មោះ C/2022 E3 (ZTF) ដែលធ្វើដំណើរជុំវិញផែនដី និងព្រះអាទិត្យ ហើយត្រូវបានគេរំពឹងទុកថាវានឹងគោចរជុំវិញផែនដីនៅចម្ងាយជិតបំផុតនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ដោយអ្នកអាចមើលឃើញដោយភ្នែកទទេបាន។

ក្នុងនោះគេបានបញ្ជាក់ថាផ្កាយដុះកន្ទុយ C/2022 E3 (ZTF) បានធ្វើដំណើរមកជិតផែនដីជាលើកដំបូងក្នុងរយៈពេល៥០,០០០ ឆ្នាំ បន្ទាប់ពីផ្កាយដុះកន្ទុយនេះ ទើបនឹងរកឃើញដោយតារាវិទូមួយរូបនៅ មជ្ឈមណ្ឌល Zwicky Transient Facility ក្នុងរដ្ឋ California សហរដ្ឋអាមេរិកកាលពី ខែមីនា ឆ្នាំ ២០២២កន្លងទៅ។

បន្ថែមពីនោះ បើតាម Nicholas Beaver ជាតារារូបវិទ្យានៅ Paris Observatory បានប្រាប់ថា ផ្កាយដុះកន្ទុយ C/2022 E3 (ZTF) ត្រូវបានបង្កើតឡើងដោយទឹកកក និងធូលីរលាយចូលគ្នា​ ហើយវាអាចបញ្ចេញក្លិនពណ៌បៃតង ជាមួយនឹងអង្កត់ផ្ចិតប្រហែល ១ គីឡូម៉ែត្រ ដែលតូចជាងផ្កាយដុះកន្ទុយ NEOWISE ដែលធ្លាប់បានហោះហើរជុំវិញពិភពលោក កាលពី ខែមីនា ឆ្នាំ ២០២០ និងជាផ្កាយដុះកន្ទុយចុងក្រោយដែលមនុស្សអាចមើលឃើញដោយភ្នែកទទេបាន។

លើសពីនេះលោកក៏បានបន្តថាទៀតថា បន្ទាប់ពីផ្កាយដុះកន្ទុយ C/2022 E3 (ZTF) បានឆ្លងកាត់ផែនដី និងព្រះអាទិត្យនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះរួចហើយ វានឹងត្រូវបានបាត់ចេញពីប្រព័ន្ធព្រះអាទិត្យរបស់យើងជាអចិន្ត្រៃយ៍។

គួរបញ្ជាក់ផងដែរថាការបង្ហាញវត្តមាននៃផ្កាយដុះកន្ទុយ C/2022 E3 (ZTF) លើកនេះគឺជាលើកដំបូងក្នុងរយៈពេល ៥០,០០០ ឆ្នាំមកកាន់ផែនដី ​ប​ន្ទាប់ពីវាធ្លាប់បង្ហាញខ្លួន ឆ្លងកាត់ផែនដីនៅសម័យ មុនយុគថ្មចាស់ ខណៈពេលដែលយុគសម័យថ្ម Neanderthal មានវត្តមាននៅលើផែនដី៕ ប្រភព៖ Thairath