អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣នេះថា ស្ទើរតែ៩០ ភាគរយ នៃប្រជាជននៅក្នុងខេត្តដែលមានប្រជាជនច្រើនជាងគេទីបីរបស់ប្រទេសចិន ឥឡូវនេះបានឆ្លងមេរោគកូវីដ-១៩ ខណៈដែលប្រទេសនេះបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃជំងឺកូវីដ-១៩ ដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចុះផ្សាយរប់សារព័ត៌មាន Theguardian ។
លោក កាន់ ឃឺនឆេង (Kan Quncheng) ប្រធានគណៈកម្មការសុខាភិបាលសម្រាប់ខេត្ត ហឺណាន (Henan) បានប្រាប់សន្និសីទសារព័ត៌មានថា “គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ អត្រាឆ្លងមេរោគកូវីដ-១៩ របស់ខេត្តគឺហក់ឡើងរហូត ៨៩ភាគរយ ជាមួយនឹងចំនួនប្រជាជន ៩៩.៤លាននាក់ តួលេខនេះបង្ហាញថាមនុស្សប្រហែល ៨៨.៥លាននាក់នៅក្នុងខេត្តហឺណាន ឥឡូវនេះប្រហែលជាបានឆ្លងជំងឺកូវីដ-១៩។
បច្ចុប្បន្នប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីកូវីដ-១៩ ក្រោយការសម្រេចចិត្តរបស់ខ្លួនកាលពីខែមុនរដ្ឋាភិបាលចិនបានប្រកាសថា នឹងបិទបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបើកប្រទេសឡើងវិញ គិតចាប់តាំងពីបានបិទច្រកទ្វារអន្តរជាតិមួយផ្នែកធំកាលពីដើមឆ្នាំ២០២០កន្លមក
យ៉ាងណាមិញនៅក្នុងរលកដំបូងនៃការធ្វើដំណើរមុនវិស្សមកាល ទិន្នន័យផ្លូវការបានបង្ហាញថាមនុស្ស ៣៤.៧ លាននាក់ បានធ្វើដំណើរក្នុងស្រុកកាលពីថ្ងៃសៅរ៍ កើនឡើងច្រើនជាងមួយភាគបីធៀបនឹងឆ្នាំមុន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ហើយក្នុងអំឡុងតែ ២០ថ្ងៃប៉ុណ្ណោះមានអ្នកឆ្លងកើនឡើងដល់ទៅ ២៥០លាននាក់ ខណៈប្រទេសធំនេះមានប្រជាជនជាង ១៤០០លាននាក់។ យ៉ាងណា បើតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) គណៈកម្មការសុខភាពជាតិប្រទេសចិនបានទទួលស្គាល់ថាពិតជាមានការហក់ឡើងនូវអ្នកឆ្លងជំងឺផ្លូវដង្ហើមនេះនៅក្នុងរយៈពេលមួយខែចុងក្រោយនេះ។
តែប្រភពរបស់ Reuters ថាគណៈកម្មការនេះមិនបានប្រកាសថាមានចំនួនប៉ុន្មាននាក់នៅទូទាំងប្រទេសដែលកំពុងធ្លាក់ខ្លួនឈឺ និងស្លាប់នោះទេ ប៉ុន្តែមន្ទីរពេទ្យនៅបណ្ដាក្រុងធំៗ រួមទាំងនៅក្រុងប៉េកាំង ដែលមានប្រជាជនជិត ២១លាននាក់ កំពុងបង្កើនចំនួនគ្រែ ខណៈអ្នកជំងឺកំពុងសម្រុកបុកចូលមកព្យាបាល។
អ្នកជំនាញព្រមានថា ប្រជាជនដែលមានវ័យចាស់ជរាអាយុ ៧០ឆ្នាំឡើងទៅ អាចនឹងស្លាប់ដល់ ២លាននាក់នៅឆ្នាំ២០២៣ ព្រោះពួកគេភាគច្រើនមិនបានចាក់វ៉ាក់សាំងនោះទេ ហើយទោះជាអ្នកខ្លះចាក់បានត្រឹមមួយដូស ឬ ២ដូស ក៏មិនអាចទប់ទល់នឹងការឆ្លងបានដែរ ព្រោះវ៉ាក់សាំងចិនមិនមានប្រសិទ្ធភាពយូរទេ។
កាលពីពេលកន្លងទៅនេះ ក្រសួងសុខាភិបាលចិនបានប្រកាសថា ប្រទេសចិននឹងលែងចេញផ្សាយតួលេខប្រចាំថ្ងៃសម្រាប់ករណីឆ្លង និងស្លាប់នៃជំងឺកូវីដ-១៩ តទៀតហើយ បន្ទាប់ពីទម្លាប់នៃការចេញផ្សាយនេះបានចាប់ផ្តើមតាំងតែពីដើមឆ្នាំ២០២០ មកនោះ។
យ៉ាងណាក្តី ក្រសួងសុខាភិបាលចិន មិនបានផ្តល់ការបកស្រាយលម្អិតសម្រាប់ការសម្រេចចិត្តរបស់ខ្លួនក្នុងការឈប់ចេញផ្សាយទិន្នន័យកូវីដ-១៩ប្រចាំថ្ងៃបែបនេះឡើយ ប៉ុន្តែស្ថានការណ៍ឆ្លងរាលដាលនៅក្នុងប្រទេសចិន ហាក់មានការកើនឡើងខ្លាំង ក្រោយការបិទបញ្ចប់យុទ្ធសាស្ត្រសូន្យកូវីដរបស់លោក ស៊ី ជីនពីង។
ក្នុងស្ថានភាពដែលពិភពលោកកំពុងទៅរកការប្រកាសអាសន្នជាថ្មីដោយសារការផ្ទុះខ្លាំងកូវីដនៅប្រទេសចិន ប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើសេចក្ដីថ្លែងការណ៍ដោយទទូចដល់គ្រប់មន្ទីរពេទ្យ ត្រូវបង្កើនការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលនេះជាការកត់សម្គាល់ជាលើកដំបូងរបស់លោក ស៊ី បន្ទាប់ពីលោកបានបញ្ជាឱ្យបិទបញ្ចប់គោលនយោបាយកូវីដសូន្យ ដែលបានអនុវត្តបាន ៣ឆ្នាំមកនេះ ៕










