អ្នកលេងបណ្តាញសង្គមឥណ្ឌូនេស៊ី ផ្ទុះកំហឹងយ៉ាងខ្លាំង និងបានចូលទៅ Comment រិះគ.ន់ចោ.ទថៃជា «ប្រទេសចោ..រ» ក្រោយបេក្ខនារីតំណាងឱ្យប្រទេសថៃនៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Globe Thailand បានគ្រងឈុតសម្លៀកបំពាក់បែបអាវប៉ាក់ និងសំពត់សារុងក្រណាត់បាទិក (Batik) មកបង្ហាញខ្លួន ដោយបន្លំអះអាងថាជាសម្លៀកបំពាក់ប្រពៃណីរបស់ថៃភាគខាងត្បូង។
_______________ .jpg)
អស់ពីកម្ពុជា មីយ៉ាន់ម៉ា ឥឡូវចូលដល់ឥណ្ឌូនេស៊ីវិញម្ដង! ប្រទេសថៃ ត្រូវបានបកអាក្រាត និងរងការរិះគន់សារជាថ្មី ក្រោយពេលដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមបានផ្ទុះការជជែកដេញដោលឆ្លងប្រទេសយ៉ាងក្តៅគគុក ករណីបេក្ខនារីតំណាងឱ្យប្រទេសថៃនៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Globe Thailand បានគ្រងឈុតសម្លៀកបំពាក់បែបអាវប៉ាក់ និងសំពត់សារុងក្រណាត់បាទិក (Batik) មកបង្ហាញខ្លួន ដោយបន្លំអះអាងថាជាសម្លៀកបំពាក់ប្រពៃណីរបស់ថៃភាគខាងត្បូង បង្កឱ្យម្ចាស់ដើមវប្បធម៌គឺប្រជាជនឥណ្ឌូនេស៊ីផ្ទុះកំហឹងយ៉ាងខ្លាំង។
នៅក្នុងការវែកញែកយ៉ាងចាស់ដៃនៅលើបណ្តាញសង្គម ជនជាតិឥណ្ឌូនេស៊ីបានលាតត្រដាងភស្តុតាងយ៉ាងច្បាស់លាស់ថា សំពត់បាទិកដែលបវរកញ្ញាថៃយកមកស្លៀកនោះ មិនមែនជាវប្បធម៌របស់ថៃឡើយ ប៉ុន្តែវាជាក្បាច់ក្រណាត់ដ៏វិសុទ្ធ ដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកពីតំបន់ Cirebon នៃខេត្តជ្វាខាងលិច ប្រទេសឥណ្ឌូនេស៊ី។ ប្រជាជនឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់ថា នៅក្នុងវប្បធម៌ដើម ក្បាច់ក្រណាត់បាទិកនេះ គឺត្រូវបានរក្សាទុកសម្រាប់ប្រើប្រាស់ផ្តាច់មុខតែនៅក្នុងពិធីមង្គលការរបស់គេតែប៉ុណ្ណោះ ដោយមិនដែលត្រូវបានអនុញ្ញាតឱ្យយកមកស្លៀកពាក់លេង ឬយកមកបង្ហាញលើឆាកប្រកួតសម្រស់បែបនេះឡើយ។ ក្រុមអ្នករិះគន់ឥណ្ឌូនេស៊ី ក៏បានលើកឡើងរំលឹកពីហេតុការណ៍ចាស់ៗ ដែលប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ធ្លាប់បានចេញមុខតវ៉ាប្រឆាំងនឹងល្បិចលួចចម្លងវប្បធម៌ដដែលៗរបស់ថៃកាលពីពេលថ្មីៗនេះផងដែរ ខណៈពួកគេបានហៅថៃថាជា «ជាតិសាសន៍ចោរ»ថែមទៀត។
.jpg)
ទោះជាយ៉ាងណា ភាគីថៃបានចេញមុខការពារខ្លួន និងវាយបកវិញភ្លាមៗដោយអះអាងថា នេះជា «វប្បធម៌រួម» នៅក្នុងតំបន់អាស៊ាន ដោយសារតែថៃធ្លាប់បានចុះបញ្ជីឈុតអាវកេបាយ៉ា រួមគ្នាជាមួយឥណ្ឌូនេស៊ី ម៉ាឡេស៊ី ក្នុងអង្គការយូណេស្កូ រួចហើយ ដូច្នេះថៃមានសិទ្ធិប្រើប្រាស់។ អំណះអំណាងខ្វះការយល់ដឹងនេះ កាន់តែធ្វើឱ្យប្រជាជនឥណ្ឌូនេស៊ីខឹងសម្បារទ្វេដង ដោយពួកគេឆ្លើយតបវិញថា អ្វីដែលពួកគេកំពុងតវ៉ាមិនមែនជាទម្រង់អាវកេបាយ៉ានោះទេ ប៉ុន្តែគឺក្បាច់ក្រណាត់បាទិកនៅលើសំពត់ទៅវិញទេ ដែលវាជារបស់ឥណ្ឌូនេស៊ីសុទ្ធសាធ និងមិនស្ថិតនៅក្នុងការចុះបញ្ជីរួមគ្នានោះឡើយ។ ស្ថានការណ៍ចុងក្រោយបង្អស់នៅលើបណ្តាញសង្គមកំពុងតែឡើងកម្តៅដល់កំពូល ដោយនៅក្នុងគណនីរបស់បវរកញ្ញាថៃផ្ទាល់ មានអ្នកលេងបណ្តាញសង្គមចូលទៅខំមិនតវ៉ា និងរិះគន់យ៉ាងចាស់ដៃលើសពី ២,០០០ ខំមិន ខណៈដែលគណនី Instagram ផ្លូវការរបស់ស្ថាប័ន Miss Universe Thailand (MUT) សម្រេចចិត្តបិទមិនឱ្យមានការបញ្ចេញមតិយោបល់ ទាំងស្រុងលើការបង្ហោះរូបភាព ដើម្បីរត់គេចពីការលាតត្រដាងការពិត។
.jpg)
សរុបមក ករណីចម្រូងចម្រាសថ្មីនេះសបញ្ជាក់ពីទម្លាប់លួចបន្លំអត្តសញ្ញាណជាតិពីប្រទេសក្នុងតំបន់ស្ទើតែជុំវិញខ្លួនពីសំណាក់ថៃ ដែលហាក់គ្មានអ្វីជារបស់ខ្លួនពិតប្រាកដទាល់តែសោះ។ ពីការលួចចម្លងស្បៃ និងល្ខោនខោលខ្មែរ រហូតដល់សម្លៀកបំពាក់រាជវាំងមីយ៉ាន់ម៉ា ហើយពេលនេះមកបន្លំសំពត់សារុងមង្គលការរបស់ឥណ្ឌូនេស៊ីទៀត។ ព្រឹត្តិការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ថៃនៅតែបន្តលួច ខណៈម្ចាស់ដើមនៃបណ្តាប្រទេសរងគ្រោះក្នុងតំបន់អាស៊ាន កាន់តែដឹងខ្លួន រួមកម្លាំងគ្នាតាមទាន់គ្រប់ល្បិចកល និងមិនព្រមឱនក្បាលឱ្យការបំភាន់ប្រវត្តិសាស្ត្ររបស់ថៃតទៅទៀតឡើយ៕










