សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំការប្រកួតបាល់ទាត់​ផ្នែក​បុរស និង​ផ្នែក​នារី ពានរង្វាន់ Soccer league លើកទី៦ ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈ​ម្ចាស់​ជើង​ឯក​នឹង​ទទួល​បាន​ទឹកប្រាក់​រហូត​ដល់​២៥លាន​រៀល។

កីឡដ្ឋាន Smart RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានជ្រើសរើសជាទីតាំងនៃពិធីបើកពានរង្វាន់​បាល់ទាត់​ Soccer League លើកទី៦ ឆ្នាំ២០២៣ បន្ទាប់ពីពហុកីឡដ្ឋានជាតិ ដែលនិយមហៅថា ស្តាតអូឡាំពិក បច្ចុប្បន្នកំពុងធ្វើការជួយជុលផ្លាស់ប្ដូរស្មៅថ្មី និងធ្វើការជួសជុលរួចរាល់នៅខែមករា ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡាបាល់ទាត់។

យោងតាមគណ:កម្មការ​រៀប​ចំ​ការ​ប្រកួត បានបង្ហើបឲ្យដឹងថាតារាចម្រៀងរ៉េប សម្បូរប្រជាប្រិយ លោក វណ្ណដា និង ជី ដេវីត ដែលកំពុងទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាតិ និងអន្តរជាតិ បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងពិធីបើកពានរង្វាន់​បាល់ទាត់​ Soccer League លើកទី៦ ឆ្នាំ២០២៣៕