បរទេស៖ ប្រទេសឥណ្ឌូនេស៊ីកំពុងតែព្រួយបារម្ភជាមួយនឹងសេដ្ឋកិច្ច ក្រោយពីខ្លួនបានចេញច្បាប់ថ្មី “ហាមរស់នៅជាមួយគ្នា ឬរួមភេទមុនរៀបការ” ដែលវាអាចធ្វើឱ្យអ្នកទេសចរអូស្ត្រាលី ដែលជាក្រុមគោលដៅសំខាន់របស់ឥណ្ឌូនេស៊ី ងាកធ្វើដំណើរទៅកាន់ប្រទេសផ្សេង។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ សភាឥណ្ឌូនេស៊ីបានអនុម័តសេចក្តីព្រាងនៃក្រមព្រហ្មទណ្ឌថ្មី  គឺច្បាប់មួយក្នុងចំណោមច្បាប់ដែលនឹងត្រូវអនុវត្ត ដោយប្រជាជនក្នុងវ័យបន្តពូជទាំងអស់ត្រូវបានហាមឃាត់មិនឱ្យរួមភេទមុនពេលរៀបការ ក៏ដូចជាហាមរស់នៅជាប្ដីប្រពន្ធ បើមិនទាន់បានរៀបការស្របច្បាប់។

ជាមួយគ្នានោះ គូស្នេហ៍ដែលមិនទាន់រៀបការអាចប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅមួយឆ្នាំ ប្រសិនបើ ពួកគេ រាយការណ៍ថា មានការរួមភេទ បន្ថែមពីនោះប្រសិនបើរស់នៅជាមួយគ្នាដោយមិន រៀបការ នោះពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅ ៦ ខែ។

ក្នុងនោះគេរំពឹងថាច្បាប់នេះនឹងចូលជាធរមានក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ប៉ុន្តែបញ្ហាសំខាន់គឺ ច្បាប់ ថ្មីនេះប៉ះពាល់មិនត្រឹមតែពលរដ្ឋឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មាន ជនបរទេសក្នុងប្រទេស និងអ្នកទេសចរដែលមកលេងប្រទេសឥណ្ឌូនេស៊ីផងដែរ។

ដោយប្រទេសខ្លួនបានពឹងផ្អែកផ្នែកសេដ្ឋកិច្ចមកពីក្រុមទេសចរណ៍សំខាន់មកពី អូស្ត្រាលី ដែលពួកគេតែងតែ មកលេងឥណ្ឌូនេស៊ីច្រើនជាងគេ ដោយមានចំនួនភ្ញៀវទេសចរអូស្ត្រាលីរាប់លាននាក់បានមកលេងកោះបាលី។

ទោះជាយ៉ាងណាក្រោយពីមានព័ត៌មានច្បាប់ថ្មីចេញមក  កត្តានេះបានធ្វើឲ្យភ្ញៀវទេសចរអូស្ត្រាលីមួយ ចំនួនព្រួយបារម្ភថាតើពួកគេគួរទៅលេងប្រទេសឥណ្ឌូនេស៊ី ឬក៏អត់។ ខណៈពេលដែលអ្នកខ្លះនិយាយថាបន្ទាប់ពីនេះពួកគេនឹងធ្វើដំណើរជាមួយសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេ។ ខណៈ អ្នកខ្លះដែល មានមិត្តប្រុស ឬ ដៃគូដែលជាស្ត្រីនៅទីនោះហើយមិនទាន់រៀបការបាននិយាយថា ពួកគេនឹងធ្វើដំណើរទៅប្រទេសផ្សេងជំនួសវិញ ប្រសិនបើច្បាប់ចែងថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងសណ្ឋាគារជាមួយដៃគូរបស់ពួកគេ។

ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងយុត្តិធម៌ឥណ្ឌូនេស៊ី លោក Albert Ares បានព្យាយាមបន្ធូរបន្ថយកង្វល់របស់ពួកគេ ដោយនិយាយដូច្នេះថា អ្នកទេសចរ មិនសូវងាយរងការកាត់ទោសទេ  ដោយភ្ញៀវទេសចរអន្តរជាតិមិនបាច់ព្រួយបារម្ភពេកទេ ព្រោះពួកគេនឹងត្រូវចាប់ខ្លួនយកមកផ្ដន្ទាទោស លុះត្រាតែឪពុក ម្តាយ ប្តី ប្រពន្ធ ឬ កូនរបស់ ភាគីណាមួយប្តឹងតែប៉ុណ្ណោះ៕ ប្រភព៖ pptvhd36