អន្តរជាតិ៖ រុស្ស៊ីបានវាយឆ្មក់ឃ្លាំងផ្ទុកអាវុធរបស់អ៊ុយក្រែនបណ្តាលឱ្យក្រុងកៀវបាត់បង់កាំជ្រួចចំមីស៊ីលចំនួន ៧០ ដើម ប្រភេទ ហ៊ីម៉ារ (HIMARS)។ ទីក្រុងមូស្គូបានបញ្ជូនរថភ្លើងពាសដែក ដើម្បីចូលរួមក្នុងប្រតិបត្តិការពិសេសនេះ។
យោងតាមសារព័ត៌មានតាស​ (TASS) កាលពីថ្ងៃទី ៧ ខែធ្នូ បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ក្នុងការវាយឆ្មក់ឃ្លាំងអាវុធនៅតំបន់គ្រីវូរ៉ស (Krivoi Rog) ដែលបណ្តាលឱ្យអ៊ុយក្រែនបាត់បង់កាំជ្រួចមីស៊ីលជាច្រើន។

ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ដោយផ្អែកលើសម្តីរបស់មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន អ៊ិនធើហេ្វគ អ៊ុយក្រែន (Interfax-Ukraine) បានរាយការណ៍ថា កងកម្លាំងរបស់រុស្ស៉ីបានបាញ់មីស៉ីល និងរ៉ុក្កែតសរុបលើសពី១,០០០គ្រាប់មកលើបណ្តាញថាមពលអគ្គិសនីរបស់អ៊ុយក្រែន។

លោក វ៉ូឡូឌីមៀរ គូឌ្រីតស្គី (Volodymyr Kudrytsky) អគ្គនាយកក្រុមហ៊ុន យ៊ូក្រេណឺហ្កូ (Ukrenergo) ដែលជាប្រតិបត្តិករបណ្តាញថាមពលអគ្គិសនីនៅអ៊ុយក្រែនបាននិយាយប្រាប់ដូចខាងលើ ក្នុងអំឡុងកិច្ចប្រជុំមួយដែលរៀបចំឡើងដោយធនាគារអឺរ៉ុបសម្រាប់ការអភិវឌ្ឍនិងការស្ថាបនាឡើងវិញ ។ លោក គូឌ្រីតស្គី បានបន្ថែមថា ក្រុមមន្រ្តីរបស់លោកកំពុងស្វះស្វែងរកបរិក្ខារសំខាន់ៗនៅជុំវិញពិភពលោកដែលចាំបាច់សម្រាប់ការជួសជុល។

បើតាមលោក គូឌ្រីតស្គី ការបាញ់ស្រោចមីស៉ីល និងគ្រាប់រ៉ុក្កែត៨លើកចុងក្រោយរបស់រុស្ស៉ី ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំពោះបណ្តាញថាមពល និងបាននាំឱ្យមានការដាច់និងផ្តាច់ចរន្តអគ្គិសនីនៅពាសពេញប្រទេស ប៉ុន្តែប្រព័ន្ធបណ្តាញថាមពលនៅអាចដំណើរការបាន។

បច្ចុប្បន្នអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាខ្វះខាតខ្លាំងនូវសមត្ថភាពផលិតថាមពល បើទោះបីជាការប្រើប្រាស់បានថយចុះក្នុងអត្រា២៥-៣០ភាគរយ បើធៀបនឹងកាលពីពេលមុនមានសង្រ្គាមក៏ដោយ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន អ៊ុយក្រែននឺហ្គោ (Ukrenergo) បានប្រាប់ថា ខ្លួនធានាបានកម្ចីទំហំ៣០០លានអឺរ៉ូ (៣១៥លានដុល្លារ) ពីធនាគារ អ៊ីប្រ៊េដ (EBRD) ដើម្បីស្តារហេដ្ឋារចនាសម្ពន្ធថាមពល ដែលបានរងការបំផ្លិចបំផ្លាញក្នុងការវាយប្រហាររបស់រុស្ស៉ី និងដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ ៕