ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងព្រឺសម្បុរ ក្រោយពីមានម្ចាស់អាខោនហ្វេសប៊ុកមួយបានបង្ហោះនូវឃ្លីបវីដេអូបង្ហាញពីរឿងរ៉ាងស្ទើរមិនគួរឱ្យជឿអំពីព្យាណូបានលេងដោយខ្លួនឯងទាំងកណ្ដាលយប់ ក្នុងថ្ងៃបុណ្យហាឡូវីន រហូតមហាជនបានលើកឡើងថានេះប្រហែសជាខ្មោចរបស់សិល្បករណាម្នាក់មកលេងជាមិនខាន។

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ មានការបង្ហោះនូវឃ្លីបវីដេអូដ៏គួរ​ឱ្យរន្ធត់ពីម្ចាស់ហ្វេសប៊ុកមានឈ្មោះថា Mew Naritsara អំពីរឿងរ៉ាវដ៏ចម្លែង និងធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ក៏ដូចជាព្រីក្បាលខ្ញាក់ៗ ក្រោយពីក្នុងវីដេអូនោះបានបង្ហាញពីព្យាណូដែលដាក់នៅកាច់ជ្រុងនៃបន្ទប់បានលេងដោយខ្លួនឯងទាំងកណ្ដាលយប់ អមជាមួយនឹងសម្លែងភ្លែងបន្លឺឡើងយឺតៗ ខណៈដែលមិនមានអ្នកណានៅក្បែរវា ឬក៏អង្គុយចុចលេងនោះទេ។

បន្ថែមពីនោះគេបានសង្កេតឃើញថា ម្ចាស់ផ្ទះបានថតឃ្លីបទាំងអារម្មណ៍ភ័យខ្លាច និងភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំង​បានភ្ជាប់សារយ៉ាងដូច្នេះថា៖

«​ពិតជារឿងពិត ​លេងតាំងពី​ម៉ោង​៥​ទៀប​ភ្លឺ ពេលនេះ​ម៉ោង​៦-៧​ព្រឹក​នៅតែ​ឮ​មិន​ដាច់​ ហើយចុចវាជាបទចម្រៀង ចំណុច​សំខាន់​តើ​ព្យាណូនេះ​លេងដោយ​របៀប​ណាបើគ្មានមនុស្ស? លើក​នេះ​មិន​ឈប់​ទាល់​តែ​សោះ»។

ទោះជាយ៉ាងណាក៏មានមហាជនខ្លះបានជឿថាវាជារឿងពិត ហើយបានលើកឡើងថានេះច្បាស់ជាខ្មោចអ្នកសិល្បៈជាក់ជាមិនខាន។ និងអ្នកខ្លះក៏មិនបានជឿនូវឃ្លីបនេះទេ ព្រមទាំងបានបញ្ចេញការយល់ឃើញស្រដៀងៗគ្នាថា ប្រហែលជាសត្វកំណ្ដុរចូល ប៉ុន្តែម្ចាស់ឃ្លីបបានបដិសេធថា ព្យាណូនេះមិនមានរន្ធ ឬ ប្រហោង ដែលអាចឱ្យសត្វកណ្ដុរចូលទៅក្នុងឧបករណ៍ព្យាណូបានឡើយ៕ ប្រភព៖ dailynews