ប្រទេសចិន៖ ចិនបានដាក់ឱ្យប្រើប្រាស់សាកល្បងជាលើកដំបូងជាមួយនឹងនាវា ម៉ូប៊ី (Moby) យក្សដែលមានប្រវែងរាប់រយម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបានរាប់ពាន់នាក់ សម្រាប់ទាំងការកម្សាន្ត និងការផ្ដល់សេវកម្ម អាហារផ្សេងៗ ​ហើយវាត្រូវបានគេចាត់ទុកថាជានាវាមានសណ្ឋាគារលំដាប់ផ្កាយ ៥ អណ្តែតលើផ្ទៃទឹកក្នុងសមុទ្រយ៉ាងអស្ចារ្យ។

នាថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ នាវា ម៉ូប៊ី (Moby) ដឹកអ្នកដំណើរដ៏ធំមួយដែលផលិតនៅប្រទេសចិន ត្រូវបានគេយកទៅសាកល្បងប្រើប្រាស់ជាលើកដំបូងនៅភាគខាងត្បូងនៃប្រទេស។

នាវានេះមានទម្ងន់សរុប ៧០,០០០ តោន មាន ១៣ជាន់ មានចំណតរថយន្តចំនួន ៤ និង កាប៊ីនចំនួន៥៣៦ វាមានជម្រៅទឹក ៧.២០ ម៉ែត្រ ប្រវែង ២៣៧ ម៉ែត្រ និងទទឹង ៣៣ ម៉ែត្រ អាចផ្ទុកអ្នកដំណើរបាន ២,៥០០ នាក់។

ក្នុងនោះនាវានេះត្រូវបានគេចាត់ទុកថាជាសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលអណ្តែតក្នុងសមុទ្រយ៉ាងអង់អាច ហើយផ្នែកខាងក្នុងគឺស្រស់ស្អាតដូចនាវាទេសចរណ៍យ៉ាងប្រណីត បន្ថែមពីនេះវានឹងផ្ដល់នូវសេវាកម្ម ការកម្សាន្ត និងការផ្ដល់សេវាកម្មអាហារផ្សេងៗ សម្រាប់ភ្ញៀវអ្នកដំណើរយ៉ាងកក់ក្ដៅ។

បើតាមការឱ្យដឹងពីលោក ចូវ ហ្ស៊ូ វ៉េ (Zhou Xuhui) អគ្គនាយករងនៃក្រុមហ៊ុនផលិតកប៉ាល់ ក្វាងចូវ(Guangzhou Shipyard International Co., Ltd) ទទួលបន្ទុកសាងសង់នាវា ម៉ូប៊ី (Moby) បាននិយាយថា នាវានេះគឺជាប្រភេទ រ៉ូ រ៉ូ “Ro-Ro” (Roll-on, Roll-off) ដែលអាចប្រើប្រាស់សម្រាប់ការដឹកជញ្ជូន និងទេសចរណ៍បានដូចគ្នា។ ផ្នែកខាងក្រោមនៃកប៉ាល់ ប្រើសម្រាប់ផ្ទុកទំនិញ ដូចជា រថយន្ត ឡានដឹកទំនិញ រទេះរុញ និងរថយន្តដឹកទំនិញ ខណៈដែលផ្នែកខាងលើនៃកប៉ាល់គឺជាកាប៊ីន។

អ្នកគ្រប់គ្រងក៏បានបន្ថែមថា ម៉ូប៊ី (Moby) ត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយក្រុមហ៊ុនចិន ហើយសម្ភារៈដែលបានតុបតែង និងប្រើប្រាស់ខាងក្នុងសុទ្ធតែជារបស់ក្នុងស្រុកទាំងអស់ និងបានចុះបញ្ជីកម្មសិទ្ធិបញ្ញារួចរាល់ហើយ។

យ៉ាងណាមិញពេលនេះ ម៉ូប៊ី (Moby) ត្រូវបានចតនៅកំពង់ផែអន្តរជាតិ ណានសា (Nansha) ទីក្រុងក្វាងចូវ ហើយនាវាម៉ូប៊ី (Moby)នឹងត្រូវប្រើសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ និង ទំនិញក្នុងតំបន់មេឌីទែរ៉ាណេសម្រាប់អនាគតខាងមុខនេះ៕ ប្រភព៖ dailynews