អន្តរជាតិ៖ កាលពីថ្ងៃចន្ទ ​ទី ៣១​ ខែតុលា​ មនុស្ស​ ៩ នាក់​ ត្រូវបាន​ចាប់ខ្លួន​ទាក់ទង​នឹង​ហេតុការណ៍​បាក់ស្ពានថ្មើរ​ជើង​មួយ​នៅ​ភាគ​ខាងលិច​ប្រទេសឥណ្ឌា​ ដែល​បានឆក់​យកជីវិត​មនុស្ស​យ៉ាងហោចណាស់​ ១៣៧ ​នាក់​។ នេះ​បើ​តាម​ការឱ្យ​ដឹងពី​ប៉ូលិស​ឥណ្ឌា​។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​មន្ត្រី​ប៉ូលិសជាន់​ខ្ពស់​ឥណ្ឌា​លោក ​អាសហុក​ គូម៉ា​ យ៉ាដាវ​ (Ashok Kumar Yadav) ​បាន​និយាយថា​ មនុស្ស​ទាំង​ ៩ នាក់​នោះ ជា​អ្នកដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជួសជុល​ស្ពាន​នៅ​ក្រុងម៉ូប៊ី​នៃ​រដ្ឋ​គូចារ៉ាត។​ ពួកគេ ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ពី​បទ​មនុស្ស​ឃាត​ដែល​មិន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​។

ស្ពានដែល​ទើបតែ​ត្រូវបាន​បើក​ឡើងវិញ​ប៉ុន្មាន​ថ្ងៃ​មុននេះ​បន្ទាប់ពី​ជួស​ជុល​អស់​ជា​ច្រើន​ខែ ​បានបាក់​រលំ​កាល​ពី​យប់ថ្ងៃ​អាទិត្យ​ និងបាន​បណ្តាលឱ្យ​ មនុស្ស​រាប់រយ​នាក់​ធ្លាក់ចូល​ទៅក្នុង​ទន្លេនៃ​រដ្ឋ​គូចារ៉ាត​ ដែល​ជាស្រុក​កំណើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ណា​រិន​ដ្រា ​ម៉ូឌី​។

មើល​តាម​វីដេអូ​ CCTV ​គេ​ឃើញស្ពាន​ចាប់​យោល​អង្រួន​ខ្លាំង​ ដោយសារ​មាន​មនុស្ស​ ២-៣ នាក់ ​បានព្យាយាម​អង្រន់​ស្ពានឱ្យ​ យោល​ទៅ​យោលមក​ដោយ​ចេតនា​ មុនពេល​វាបាក់​រលំភ្លាមៗ​បន្ទាប់​នោះ​។

បើតាម​អាជ្ញាធរ​ឥណ្ឌា​ក្នុង​យប់កើត​ហេតុ​ មនុស្ស​ចំនួន​ជិត ​៥០០ នាក់ ​កំពុង​តែ​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​ហិណ្ឌូ​ «ឌីវ៉ា លី»នៅ​លើ​និង​ជុំវិញ​ស្ពាន​យោល​ដែល​មាន​អាយុ​កាល​ជិត​ ១៥០ ​ឆ្នាំ​ ហើយ​រំពេច​នោះ​ខ្សែ​កាប​ស្ពាន​ដ៏ចាប់​ផ្តើម​ដាច់​។

ក្រោយ​ស្ពាក់​បាក់​មនុស្ស​ម្នា​ បាន​ខំ​ស្រវា​តោង​បំណែក​ស្ពាន​ឬ​ព្យាយាម​ហែល​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ទាំង​ស្ថាន ភាព​ងងឹត​។​ ចំណែក​អាជ្ញាធរ​វិញ ​បាន​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាមៗ​ដោយ​មាន​ទូកនិង​អ្នក​មុជ​ទឹក​ស្វែងរក​ជង​រងគ្រោះ​ទាំង​យប់​ និង​ពេញ​មួយ​ថ្ងៃ​ចន្ទ។

ប៉ូលិស​ក្នុង​តំបន់​បានឱ្យ​ ដឹងថា​គិត​ត្រឹម​រសៀល​ថ្ងៃចន្ទ​ទី​៣១​ តុលា ​ចំនួន​អ្នក​ស្លាប់ ​បាន​កើន​ឡើង​ដល់ ​១៣៧នាក់​ ក្នុង​នោះមាន​កុមារ​ប្រមាណ​ ៥០​ នាក់ ​ហើយ​ក្មេងជាង​គេ គឺ​ជា​ក្មេង​ប្រុស​អាយុ​ ២ ឆ្នាំ។

លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ម៉ូឌី​ដែល​គ្រោងទៅ​ពិនិត្យមើល​កន្លែង​កើត​ហេតុ​ក្នុង​ថ្ងៃអង្គារ​នេះ ​បាន​និយាយថា ​លោក​ប្រហែល​ជា​កម្រ​បាន​ជួបប្រទះ​ការ​ឈឺ​ចាប់ខ្លាំង​បែបនេះ​នៅក្នុង​ជីវិត​របស់​លោក​ណាស់​។

គួរជ្រាប​ថា ​ស្ពានយោល​ចំណាស់​ ដែលបាន​បាក់​នៅ​ក្រុងម៉ូប៊ី​នៃ​រដ្ឋ​គូចារ៉ាត ​កាល​ពីយប់​ថ្ងៃ​អាទិត្យ​ ទី ​៣០ តុលា​ មាន​ប្រវែង ​២៣៣ ​ម៉ែត្រ​និង​ទទឹង ​១,៥ ​ម៉ែត្រ​។ ​ស្ពាននេះ​ ត្រូវបាន​សាងសង់​ឡើង​ តាំង​ពី​សម័យ​អាណានិ​គមអង់​គ្លេស​ក្នុងឆ្នាំ ​១៨៨០​ ជា​មួយនឹ​ង​សម្ភារ​ដែល​នាំ​យកមក​ពី​ប្រទេស​អង់គ្លេស​។

គួរជ្រាប​ដែរថា ​គ្រោះ​ថ្នាក់កើត​ឡើង​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាស់ៗ ​និង​ថែទាំ​មិនបាន​ល្អរួម​ទាំង​ស្ពានផង​នោះ គឺ​ជា​រឿង​ធម្មតាទៅហើយ​ក្នុង​ប្រទេស​ឥណ្ឌា។ ​ជាក់ស្តែង​ កាល​ពីឆ្នាំ​ ២០១៦​ ហេតុការណ៍​បាក់​ស្ពាន​អាកាស​នៅលើ​ផ្លូវដ៏​មមាញឹក​មួយ​កន្លែង​ក្នុងទី​ក្រុង​កុលកាតា​ (Kolkata)​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​២៦ នាក់​។

ចំណែក​កាលពី​ ៥ ឆ្នាំ​មុនវិញ​ មនុស្សយ៉ាង​តិច ៣២ ​នាក់​ បាន​បាត់បង់​ជីវិត ​នៅពេល​ដែល​ស្ពានឆ្លង​មួយ​ បានបាក់​នៅឯ​រមណីយ​ដ្ឋាន​ភ្នំដា​ជីលីង ​(Darjeeling)​៕