ភ្នំពេញ៖ «សម្រាប់ភាពជាអ្នកដឹកនាំ អ្វីដែលសំខាន់គឺចេះប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយប្រតិកម្មទៅនឹងការលើកឡើងពីសមាសភាពលោក ឌិត ទីណា ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
នាពិធីចែកសញ្ញាបត្រដល់និស្សិតនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦០០០នាក់ នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកា នេះ សម្តេច ហ៊ុន សែន បានលើកឡើងថា វាជាបង្ហាញឲ្យឃើញពីការខ្វះចំណេះដឹងចំពោះការរិះគន់រដ្ឋាភិបាលគ្មានតម្លាភាពលើការដោះដូរមន្ត្រី។
«កសិកម្មមិនមែនតែរឿងស្រូវមួយមុខនោះឡើយ»។ ប្រមុខរដ្ឋាភិបាលបានអះអាងយ៉ាងដូច្នេះ ដើម្បីតបតទៅនឹងអ្នករិះគន់ដែលបានបន្ទោសរដ្ឋាភិបាលលើការតែងតាំងលោក ឌិត ទីណា ដែលជាមន្ត្រីជំនាញខាងរ៉ែ ឲ្យកាន់តំណែងជារដ្ឋមន្ត្រីកសិម្ម។
សម្តេចបានលើកឡើងថា គ្មានអ្នកណាចេះអស់នោះឡើយ សូម្បីតែខាងយោធា ក៏សម្តេចមិនចេះអស់នោះដែរ ក្រៅពីជំនាញកងថ្មើរជើង ហើយក្នុងកសិកម្ម ក្រៅពីការងារស្រែស្រូ មានជំនាញច្រើនទៀត ដូចជាក្សេតសាស្ត្រ ការចិញ្ចឹមសត្វ និងការងារជាច្រើនទៀត។
«កុំវាយតម្លៃរហ័សពេក»។ នេះជាការប្រសាសន៍របស់សម្តេច ហ៊ុន សែន ដោយសម្តេចក៏បានដឹងថា អ្នកជំនាញកសិកម្មខ្លះ សូម្បីតែរោងម៉ាស៊ីនកិនស្រូវ ធ្វើមិនបាន ហើយរហូតដល់ជំពាក់លុយគេមិនទាន់សងថែមទៀត។
ជាមួយគ្នានេះ សម្តេចបានរិះគន់មន្ទីរកសិកម្មមួយចំនួន ដែលមិនមានការដាំដុះក្នុងបរិវេណខ្លួន ដែលអន់ជាងនៅតាមសាលារៀនទៅទៀត។
កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោក ឌិត ទីណា ដែលជាកូនប្រុសបង្កើតរបស់លោក ឌិត មន្ទី ប្រធានតុលាការកំពូល បានរៀនចប់ជំនាញវិស្វកម្មរ៉ែនៅសាលាជាតិជាន់ខ្ពស់ផ្នែករ៉ែនៅក្រុងប៉ារីស (MINES ParisTech)។ លោកក៏បានរៀបចប់អនុបណ្ឌិតផ្នែករូបវិទ្យាពីសាកលវិទ្យាល័ Université Paris-Sud ដ៏ល្បីល្បាញនៅបារាំងផងដែរ។
នៅមុនកាន់តំណែងជារដ្ឋមន្ត្រីកសិកម្ម ជំនួសលោក វេង សាខុន លោក ឌិត ទីណា ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល ៕










