កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន រំលឹកពីអតីតកាល នៃកុមារភាពរបស់ខ្លួនយ៉ាងកំសត់ ព្រមទាំងពោលពាក្យលើកទឹកចិត្តយ៉ាងមានន័យទៅកាន់កុមារកំព្រាជាច្រើនក្នុងប្រទេសឥណ្ឌូណេស៊ីឱ្យមានភាពតស៊ូ ជាមួយនឹងក្ដីសង្ឃឹមក្នុងជីវិតទៅថ្ងៃអនាគត។

មហាជនអ្នកនិយមគាំទ្រជាមួយវិស័យបវរកញ្ញា ប្រាកដជាបានជ្រាបរួចមកហើយពីភាពជោគជ័យរបស់ Miss Grand Cambodia 2022 ដែលអាចដណ្ដើមបានជាមួយនឹងដំណែងTop10 ក្នុងកម្មវិធីប្រកួត Miss Grand International2022កន្លងទៅនៅក្នុងប្រទេសឥណ្ឌូណេស៊ីនេះ។

ពិតណាស់នាពេលបច្ចុប្នន្ន កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងនៅជាមួយនឹងក្រុមការងារសម្រាប់ការចុះទស្សនកិច្ចក្នុងប្រទេសឥណ្ឌូណេស៊ីនៅឡើយ។ យ៉ាងណាមិញនាពេលកន្លងទៅថ្មីៗនេះក្រុមការងារនៃ Miss Grand International2022 ទាំងអស់បានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលកុមារកំព្រានៅក្នុងប្រទេសមួយនេះដើម្បីសួរសុខទុក្ខ ក៏ដូចជាមានអំណោយសម្រាប់ពួកគេផងដែរ។

ក្នុងនោះអ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងមានក្ដីអាណិតលាយឡំនឹងក្ដីរំភើបជាខ្លាំងក្រោយពី បវរកញ្ញា  ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលធ្លាប់ឆ្លងកាត់ភាពលំបាក និងធ្លាប់បានរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាតាំងពីតូច នាងបានពោលពាក្យយ៉ាងមានន័យទៅកាន់ក្មេងៗកុមារកំព្រាទាំងនោះយ៉ាងដូច្នេះថា៖

“ពេលដែលខ្ញុំចូលទៅក្នុងមណ្ឌលកុមារកំព្រាខ្ញុំនឹកឃើញគ្រាដែលខ្ញុំធ្លាប់ស្នាក់នៅទីនោះកាលពីក្មេង។  មិនថាអ្នករស់នៅទីណា មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណា វាមិនកំណត់ជោគវាសនាអនាគតរបស់អ្នកទេ។ នាងខ្ញុំសូមផ្ញើរក្តីស្រលាញ់ទៅកាន់អ្នកទាំងអស់គ្នា!  សូមជឿជាក់លើក្តីស្រមៃរបស់អ្នក នោះអ្នកនឹងសម្រេចវាបាន!”៕