រាជធានីភ្នំពេញ ៖ កន្លងមកក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផងដែរ ឲ្យប្រុងប្រយ័ត្ន ចំពោះការបរិភោគត្រីក្រពត ដែលបណ្ដាលឲ្យពុលស្លាប់ និងឈឺ ។ សេចក្តីអំពាវនាវនេះបានធ្វើឡើងជាបន្តបន្ទាប់ ស្របពេលមានករណីពុលត្រីក្រពត នៅតែបន្តកើតឡើង ទោះបីក្រសួងធ្លាប់ធ្វើការណែនាំជារឿយៗក្ដី ។
បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងធ្វើឡើងចាប់ពីឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ គឺមានករណីពុលត្រីក្រពត កើតឡើងចំនួន ៧ លើក នៅក្នុងខេត្តចំនួន៤ ដូចជាខេត្តក្រចេះ កោះកុង សៀមរាប ។ នៅខេត្តបន្ទាយមានជ័យ បានកើតឡើងករណីពុលត្រីក្រពត ជាលើកទី៣ កាលពីថៃ្ងទី១៩ ខែកុម្ភៈ ដែលបានធ្វើឱ្យគ្រួសារមួយពុលឈឺ៥នាក់ និងស្លាប់ម្នាក់ ។
ជាមួយគ្នានេះដែរ«ខ្លោចចិត្ត ! បុរស២នាក់ពុលត្រីក្រពតស្លាប់ សង្គ្រោះបាន៣នាក់ មាន់និងឆ្កែ៧ក្បាលទៅស៊ី ក៏ងាប់អស់ទៀត» វេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មានករណីមនុស្សហូបត្រីក្រពត បានពុលស្លាប់បុរស២នាក់ និង៣នាក់ទៀតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា ចំណែកសត្វមាន់ និងឆ្កែ ចំនួន៨ក្បាល ទៅស៊ីត្រីក្រពត ដែលគេជះចោលនោះ ក៏បានងាប់ផងដែរ ។
យោងតាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា បានឲ្យដឹងថា នៅពេលជាតិពុលជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល គឺអាចបណ្ដាលឱ្យស្លាប់ ។ ពួកត្រីក្រពតទាំងនេះ មានជាតិពុលខ្ពស់បំផុត នៅរដូវកូនបន្តពូជ ដែលស្ថិតនៅខែកុម្ភៈ ដល់ខែមីនា និងស្ថិតនៅចន្លោះខែ កក្កដា ទៅខែកញ្ញា ហើយចំពោះមេជីវិត និងពងរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកថ្លើម ពោះវៀន ស្បែក និងសាច់ ។ បន្ទាប់ពីបរិភោគត្រីក្រពតទាំងនេះ រយៈពេល ២០នាទី ទៅ២ម៉ោង គឺមានរោគសញ្ញា ដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ ឈឺក្បាល វិលមុខ រមាស់ចាក់ៗ នៅចុងអវយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម បើស្ថិតក្នុងស្ថានភាពពុលខ្លាំង គឺធ្វើឱ្យថប់ដង្ហើមស្លាប់តែម្តង ។
ក្រសួងសុខាភិបាលបាន អះអាងបន្តថា ការធ្វើឲ្យក្អួត គឺអាចជួយបញ្ចេញជាតិពុល បានមួយចំណែក ពីក្នុងខ្លួន ។ បន្ទាប់មក ត្រូវប្រញាប់ទៅរកការជួយសង្គ្រោះជាបន្ទាន់ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ។ លើសពីនេះ ជាតិពុលក្នុងត្រីក្រពតទាំងនោះ មិនអាចកម្ចាត់ចោលតាមរយៈការចម្អិនឲ្យឆ្អិន ឬដាក់ឲ្យកក នោះឡើយ ៕