ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ បានពុលត្រីក្រពតស្លាប់ និង៣នាក់ទៀត បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា ចំណែកសត្វមាន់ និងឆ្កែ ចំនួន៨ក្បាល ទៅស៊ីត្រីក្រពត ដែលគេជះចោលនោះ ក៏បានងាប់ផងដែរ។ ករណីមនុស្សហូបត្រីក្រពតពុលស្លាប់ និងរបួសនេះ បានកើតឡើង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះដែលពុលត្រីក្រពតស្លាប់ ទី១-ឈ្មោះយុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។ ទី២-ឈ្មោះហុង សារ៉ាត ហៅប៉ែ អាយុ៣៥ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិស្រែកិន ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ និងមានស្រុកកំណើតនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ចំណែក អ្នកដែលគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេល ទី១-ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះវណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ទី៣-ឈ្មោះវណ្ណ សម្ផស្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប្រភពបន្តថា ក្រោយពីជនរងគ្រោះពុលរួច ក៏បានយកត្រីក្រពតនោះទៅជះចោល លុះពេលសត្វមាន់ចំនួន៧ក្បាល និងឆ្កែ១ក្បាល ទៅរើសស៊ី ក៏បណ្តាលឲ្យពុលងាប់ទាំងអស់ផងដែរ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីសមត្ថកិច្ច ធ្វើកោសល្យវិច័យសពជនរងគ្រោះរួចរាល់ ក៏បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕