រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជាបឋម បានអោយ​ដឹង​ថា នៅ​មុន​នេះ​បន្តិច កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក បាន​ឃាត់​ខ្លួន ថៃ ស្រី​នាង នាំមកសាកសួរ នា​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ២០២០ នេះ ។​

យ៉ាងណា​គេ​នៅ​មិន​ទាន់ដឹង​មូលហេតុ​នៃ​ការ​ឃាត់ខ្លួន ថៃ ស្រី​នាង នៅឡើយ​ទេ បើ​តាម​លោក សុខ ហេង អធិការ​នគរបាល​ខណ្ឌទួលគោក ថ្លែងប្រាប់​យ៉ាង​ខ្លី​ថា “​សមត្ថកិច្ច​កំពុងធ្វើការ​រឿង​នេះ​ហើយ​” រួច​ចុច​បិទ​ទូរស័ព្ទ​តែ​ម្តង ។​

​សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៨ ម្សិលមិញ​នេះ អ្នកលក់​អន​ឡាញ​សិច​ស៊ី ថៃ ស្រី​នាង សំណូមពរ​សម្ដេច ឲ្យ​ជួយ​ទិញ​រ៉ូ​ប​របស់​នាង ខណៈ​សម្ដេច បាន​ប្រកាស​ឲ្យ​ចាត់​វិធាន​លើ​អ្នកលក់​អន​ឡាញ​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស​ស្ដ្រី ។ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ដែល​មានឈ្មោះ​ថា Thai SreyNeang បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ឈឺក្បាល​ណាស់ ចង់​ផឹក​កាត់សាញ តែ​មាន​តែ​គោក​ខ្វះ​ទឹក គិត​ម៉េច​ឥឡូវ ស្តាប់​ប្រសាសន៍ សម្តេច​ហើយ ចង់​ខ្យល់ មើល៍ទៅ ត្រូវ​ដូរ​មុខរបរ​ទៀត​ហើយ​ខ្ញុំ​ សម្តេច​​អើយ​​សម្តេច​ ជួយ​សេង រ៉ូ​ប ខ្ញុំ​ខ្លះទៅ យក​ទៅ​ទុក​ក៏​បាន​ដែរ បើ​សល់​ច្រើន​ម្លឹ​ង​ៗ បាន​លុយ​ឯណា​សង​គេ លោក​អើយ​លោក ឆ្កួត​ងាប់​ឥឡូវ​ហើយ​ខ្ញុំ ពេល​នេះ​មាន​តែ​ស្រា​ទេ យល់ចិត្ត​ខ្ញុំ​» ។​

យ៉ាងនេះក្តី សាររបស់ ថៃ ស្រីនាង សំណូមពរសម្ដេច ឲ្យជួយទិញរ៉ូបរបស់នាង ត្រូវបានលុបចេញពីហ្វេសប៊ុកវិញផងដែរ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជា​ទៅ​ក្រសួង​ប្រៃសនីយ និង​ទូរគមនាគមន៍ ឱ្យ​បិទ​រាល់​គណនី Facebook ផ្សាយ​លក់​ផលិតផល​ដែល​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស ។ បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​នោះ​ឡើយ ចំពោះ​ការ​ផ្សាយ «Live» លក់​ផលិតផល​តាម Facebook ដែល​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស ។ ប៉ុន្តែ​អ្នក​មិន​បញ្ចេញ​កេរ្តិ៍ខ្មាស់ មិន​អី​នោះ​ទេ ។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ Live បែប​នេះ​នាំ​ឱ្យ​មានការ​បំពាន​ផ្លូវភេទ​ស្រី​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន ហើយ​អាច​នាំ​ឱ្យ​កើត​មានការ​ណី​ចាប់រំលោភ​ផង​ដែរ ។​

​ក្រោយ​ពី​សម្ដេច​តេ​ជោ បាន​ប្រកាស​ឲ្យ​មាន​ចំណាត់ការ​បែប​នេះ នៅ​លើ​ប​ញ​តា​ញ​សង្គម គេ​សង្កេត​ឃើញ​ថា មាន​មហាជន​ជា​ច្រើន​បាន​អបអរសាទរ​គាំទ្រ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៕