រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើលមួយ ដោយសារតែ​មាន​បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​សម្លាប់​ខ្លួន នៅ​ក្នុង​រថយន្ដ​សា​រ៉ែ​ន​១​គ្រឿង របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៣ កញ្ញា ២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​១១A ផ្លូវ​P០៣ ស្ថិត​ក្នុង​បុរី​ប៉េង​ហួត ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បាញ់​សម្លាប់​ខ្លួនឯង​នោះ ឈ្មោះ សេង សុវណ្ណ អាយុ​៣៧​ឆ្នាំ មុខរបរ​ជំនួយការ​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​ជាម​ន្ដ្រី​នគរបាល​ជាតិ មាន​ឋាន​ន្ទ​រ​ស័ក្ដិ​ថ្នាក់​វរសេនីយ៍ទោ​(​ស័ក្តិ​៤​កន្លះ​) និង​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​គ្រប់គ្រង​មុខសញ្ញា និង​តាម​ចាប់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។

ចំពោះ​មូលហេតុ​ដែល​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាញ់​សម្លាប់​ខ្លួនឯង យោង​តាម​ប្រភព​ច្បាស់​ការណ៍ ពី​មន្ត្រី​នគរបាល​គឺ​លោក​វរសេនីយ៍ទោ​ម៉ៅ សឿ​ត អធិការរង​ខណ្ឌ​ច្បារ​អំពៅ​ទទួល​បន្ទុក​យុត្តិធម៌ បាន​អះអាង​ថា ករណី​ធ្វើ​អត្តឃាត​ដែល​បណ្តាល​ឲ្យ​នគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់ បាន​ស្លាប់​នោះ គឺ​ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ។

លោក​វរសេនីយ៍ទោ​ម៉ៅ សឿ​ត បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ​ដែល​បាញ់​សម្លាប់​ខ្លួនឯង​បែប​នេះ​បើ​យោង​តាម​ការ​បំភ្លឺ​ពី​បងប្រុស​បង្កើត​របស់​ជន​រង​គ្រោះ ដែល​មានឈ្មោះ​សេង សា​វឿ​ន បាន​អះអាង​ប្រាប់​សមត្ថកិច្ច ដែល​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ថា មុន​កើតហេតុ ប្អូនប្រុស​របស់​គាត់​ឈ្មោះ​សេង សុវណ្ណ បាន​ប្រាប់​គាត់​តាម​រយៈ​ទូរស័ព្ទ ហៅ​រូប​គាត់​ឲ្យ​មក​យក​ខ្លួន នៅផ្ទះ​ក្នុង​បុរី​ប៉េង​ហួត ដែល​ជា​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ លុះ​ពេល​មក​ដល់​ផ្ទះ ជន​រង​គ្រោះ​បងប្រុស បានឃើញ​រថយន្ត​បញ្ឆេះ​ចោល តែ​មិន​ចាប់អារម្មណ៍ ក៏​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ ដើម្បី​រក​ជន​រង​គ្រោះ តែ​រក​មិនឃើញ រួច​ក៏​ចេញ​មក​អើត​មើល​ក្នុង​រថយន្ត​ស្រាប់​ឃើញ ជន​រង​គ្រោះ​អង្គុយ​នៅ​បាំង​ខាងក្រោយ​រថយន្ត និង​មាន​ឈាម​ហូរ​ចេញ​មក​ប្រឡាក់​ពូករថ​យន្ត ថែម​ទាំង​ហូរ​ចេញ​មក​តាម​ទ្វារ​មក​លើ​ផ្លូវ ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ ។

បងប្រុស​ជន​រង​គ្រោះ​បញ្ជាក់​ដូច្នេះ​ថា «​កន្លង​មក​ជន​រង​គ្រោះ មាន​ជំងឺ​ប្រចាំ​កាយ គឺ​ចំហ​ក្រពះ អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ហើយ​ក៏​ធ្លាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ និង​វៀតណាម​ទៀត​ផង ប៉ុន្តែ​មិន​បាន​ធូរស្បើយ ហើយ​ជា​និច្ចកាល ជន​រង​គ្រោះ​តែងតែ​ពោល​ពាក្យ​ថា មិន​អាចរ​ស់បាន​ទៀត​ទេ ! ។

ដោយឡែក​បើ​តាម​ការ​បញ្ជាក់​ពី​លោ​កន​ង សុ​វ​ណ្ណារ​ត្ន័ គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ និង​នគរបាល​នាយកដ្ឋាន​បច្ចេកវិជ្ជា​សាស្ត្រ ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​បាញ់​ខ្លួនឯង ដោយ​អាវុធ​ខ្លី​ម៉ាក GLock19AUSTRIA លេខ LLT659 ផលិត​នៅ​ប្រទេស​អូស្ត្រាលី ។
​លោ​ក​បញ្ជាក់​ថា ការ​ធ្វើ​អត្តឃាត​របស់​ជន​រង​គ្រោះ គឺ​ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ព្យាបាល​មិន​ទាន់​ជា ។ យ៉ាងណា​ក៏​ដោយ ក្រោយ​ពិនិត្យ​សាកសព​រួចរាល់ សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទពាក់ព័ន្ធ គិតខ្លីម៉្លេះ ព្រះអើយ ! មន្ត្រីនគរបាលស័ក្តិ៤កន្លះ យកកាំភ្លើងបាញ់សម្លាប់ខ្លួនក្នុងរថយន្តស៊ីរ៉ែន