ភ្នំពេញ​ ៖ មន្ត្រីនគរបាល មានតួនាទីជានាយរងការិយាល័យម្នាក់ បម្រើការងារនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើអត្តឃាតខ្លួនឯង ដោយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួន នៅក្នុងរថយន្ដស៊ីរ៉ែន បណ្តាលឲ្យស្លាប់បានសម្រេចនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។


ករណីមន្ត្រីនគរបាលធ្វើអត្តឃាតដោយយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនេះ បានបង្កការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅម្ដុំផ្ទះរបស់ជនរងគ្រោះខ្លួនឯង ស្ថិតក្នុងខណ្ឌច្បារអំពៅ ។


ជនរងគ្រោះដែលគិតខ្លីបាញ់សម្លាប់ខ្លួនឯងនេះ មានឈ្មោះសេង សុវណ្ណ មានឋានន្ដរស័ក្ដិ ជាវរសេនីយ៍ទោ(ស័ក្តិ៤កន្លះ ) មានតួនាទីជានាយរងការិយាល័យ គ្រប់គ្រងមុខសញ្ញា និងតាមចាប់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាម និងបានធ្វើការសន្និដ្ឋានជំហានដំបូងថា ការធ្វើអត្តឃាតរបស់ជនរងគ្រោះនេះ អាចបណ្ដាលមកពីជនរងគ្រោះមានវិបត្តិផ្លូវចិត្ត ធ្ងន់ធ្ងរ ដោះស្រាយមិនចេញ និងមានជំងឺប្រចាំកាយផង ទើបធ្វើឲ្យជនរងគ្រោះគិតអ្វីមិនឃើញ ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតែម្តង។


ក្រោយពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចជំនាញបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី តែយ៉ាងណា សមត្ថកិច្ចនៅតែបន្តរកមូលហេតុពិតដែលនាំឲ្យជនរងគ្រោះគិតខ្លីបាញ់សម្លាប់ខ្លួនឯងបែបនេះ ។ ព័ត៌មានលម្អិតទៅជាយ៉ាងណានោះ «KBN» និងផ្សាយជូននៅពេលក្រោយបន្តទៀត៕