មតិ​នានា ពិសេស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាំ​គ្នា​រិះគន់​ករណីធើ្វ​ជា​មន្ត្រី​នគរបាល គួរ​ណាស់​គោរព​ច្បាប់ តែបែរ​មកគំរាម​សម្លាប់ ​ប៉ូលិស​​ចរាចរណ៍​ម្នាក់​ទៅវិញ​ រហូតធ្វើអោយលោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ការងារ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌឫស្សីកែវ​ ជាបណ្តោះអាសន្នសិន ខុសគ្នាពីយុវជន​២​នាក់ គំរាម​សម្លាប់​អ្នក​ដទៃ ត្រូវ​ប៉ូលិស​ខេត្តកោះកុង តាម​ចាប់​វៃ​ខ្នោះ បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ច្បាប់ ។

សូមរម្លឹកថា លោក ស ថេ​ត ផ្អាក​ការងារ​លោក ចាន់ ពៅ បន្ទាប់​ពី​អធិការរង​ខណ្ឌឫស្សីកែវ​រូប​នេះ​បាន​សារភាព​ថា លោក​ពិតជា​បាន​ផ្ញើសារ​សំឡេង​ទៅ​គំរាម​លោកនាយ​ផ្នែក​ពិតប្រាកដ​មែន ដោយសារ​មូលហេតុ​ខឹង​ខ្លាំង​ពេក ។

ឆ្លង​តាម​ច​ម្លើ​យ​សារភាព និងភស្តុ​​តាង​ជាក់ស្តែង តាម​រយៈ​សារ​ជា​សំឡេង ក្រុមប្រឹក្សាវិន័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​វិន័យ​ជា​លើ​ក​ទី​មួយ​ដល់​លោក​ចាន់ ពៅ ដែល​មាន​កំហុស ដោយ​ការ​ផ្អាក​ការងារ​បណ្តោះអាសន្ន​ អោយមក​បង្ហាញខ្លួន​ជា​ប្រចាំ​នៅ​ការិយាល័យ​បុគ្គលិក ​ជា​រៀង​រាល់​ម៉ោង​ការងារ ។ ជា​ជំហាន​បន្ទាប់ បើលោក ចាន់ ពៅ តែ​ប្រព្រឹត្ត​កំហុស​ទៀត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ការ​សម្រេច​ត្រឹមផ្អាក​ការងារ​បណ្តោះអាសន្ន របស់លោកអធិការរង​ខណ្ឌឫស្សីកែវ​រូប​នេះ ធ្វើ​អោយ​ប្រជាពលរដ្ឋ​នឹកឃើញរឿង យុវជនជើងខ្លាំង គំរាមសម្លាប់អ្នកដទៃតាម ហ្វេសប៊ុករួចមក ត្រូវ​ប៉ូលិសខេត្តកោះកុង តាមចាប់វៃខ្នោះមែន ហើយបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ប្រិយមិត្តខ្លះប្រហែលជាចាំបាន និងធ្លាប់បានស្តាប់សម្លេង យុវជន០២នាក់ គម្រាមសម្លាប់អ្នកដទៃ តាមបណ្តាញសង្គមហ្វេសបុក គួររម្លឹកថា ដេកផ្ទះស្រួលមិនស្រណុក អផ្សុកចង់ដេកគុក ! ក្មេងទំនើងថតវីដេអូបង្អូតដាវសាមូរ៉ៃគំរាមផ្តាច់ជីវិតគូទំនាស់ បង្ហោះលើហ្វេសប៊ុក … ចុងក្រោយខ្នោះ(មានវីដេអូ)

នៅលើបណ្តាញសង្គមហ្វេសប៊ុកមហាជនលើកឡើងថា មនុស្សដូចគ្នា ខ្មែរដូចគ្នា គំរាមសម្លាប់ដូចគ្នា ប៉ុន្តែវាសនាខុសគ្នាទៅវិញ ចប់ ។ល។

ជាក់ស្តែងគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ បានលើកឡើងថា «លោក​វរៈសេនីយ៍ទោ ចាន់ ពៅ អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ ជា​មន្ត្រី​អនុវត្តន៍​ច្បាប់ បាន​ប្រព្រឹត្ត​ល្មើ​ស​ច្បាប់ គំរាម​សម្លាប់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ថ្នាក់​លើ​បាន​សម្រេច​ដក​បញ្ឈរ​ជើ​ង ។ សំរាប់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា បទល្មើស​ព្រហ្មទណ្ឌ មិន​អាច​ដក​បញ្ឈរ​ជើ​ង​ហើ​យ​រួចខ្លួន​ទេ ត្រូវ​អនុវត្ត​បណ្ដឹងអាជ្ញា​ទៀត​ទើ​ប​ត្រឹមត្រូវ មាន​ន័យ​ថា ត្រូវ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ទៀត​ទើប​សង្គម​មាន​យុត្តិធម៌ ។ ជន​រង​គ្រោះ​មិន​ប្ដឹង​មិនមែន​មាន​ន័យ​ថា ជន​បង្ករ​ត្រូវ​រួចខ្លួន​នោះ​ទេ ។ មន្ត្រី​អនុវត្តន៍​ច្បាប់​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​បែប​នេះ ត្រូវ​មានទោស​ធ្ងន់​ជាង​រាស្ត្រ​ប្រព្រឹត្ត​ខុស​ផង ព្រោះ​ខ្លួន​ជា​អ្នកចេះ​ច្បាប់​ហើ​យមក​បំពាន​ច្បាប់​ទៀត » ។

ទោះជា​យ៉ាងនេះ​ក្តី ក៏​មាន​មតិ​មួយបាន​លើក​ឡើងដែរ​ថា ករណី​ទំនាស់អធិការរង​នគរបាល​ខណ្ឌឫស្សីកែវ និងប៉ូលិសចរាចរណ៍ខាងលើនោះ​ ត្រូវ​បាន​ធ្វើការ​សម្របសម្រួល​រវាង​ភាគី​ទាំង​ពីរ​រួច​ហើយ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ ៕