រាជធានីភ្នំពេញ​ ៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​សម្រេច​ផ្អាក​ការងារ ​លោក ចាន់ ពៅ អធិការរង នគរបាល​ខណ្ឌឫស្សីកែវ ជាបណ្តោះអាសន្ន ពាក់ព័ន្ធ​រឿង​គំរាម​សម្លាប់ នាយ​ផ្នែក​ចរាចរណ៍ម្នាក់ នៅខណ្ឌឫស្សីកែវ​ ។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រងនគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ បាន​ហៅ​លោក ចាន់ ពៅ ជា​អធិការរង​ខណ្ឌឫស្សីកែវ ទទួល​ផ្នែក​សេនាធិការ មក​សាកសួរ អំពី​ករណី​គំរាម​សម្លាប់ នាយ​ផ្នែក​ចរាចរណ៍ ខណ្ឌឫស្សីកែវ ដើម្បី​ដាក់​ពិន័យ​ខាង​កងកម្លាំង និង​ការ​ផ្អាក​ការងារ ​ពោល​គឺ​បន្ទាប់​ពី​សួរនាំ​រួច​មក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​របស់​លោក ចាន់ ពៅ អធិការរង នគរបាល​ខណ្ឌឫស្សីកែវ​ ។

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ទាក់ទង​ទៅ​នឹង​ករណី​ជម្លោះ រវាង​លោក ចាន់ ពៅ អធិការរង និង​លោក លី រ៉ូ​ហ្សា​ត នាយ​ផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ គឺ​លោក ចាន់ ពៅ អធិការរង​ខណ្ឌឫស្សីកែវ ត្រូវ​បាន​ផ្អាក​ពី​ការងារ ជា​បណ្តោះអាសន្ន​។

ករណី​ទំនាស់​នេះ ត្រូវ​បាន​ធ្វើការ​សម្របសម្រួល រវាង​ភាគី​ទាំង​ពីរ រួច​ហើយ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ ប៉ុន្តែ​ទោះជា​យ៉ាងណា ដោយ​ទទួល​បាន​បទបញ្ជា ដោយ​ផ្ទាល់​ពី​លោក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​ណែនាំ​អោយ​ក្រុមប្រឹក្សាវិន័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​កោះហៅ​ភាគី​ជម្លោះ ទាំង​ពីរ អោយ​ចូលខ្លួន​មក​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ពន្យល់​បកស្រាយ លើ​ករណី​ដែល​បាន​កើតឡើង​នេះ ​។

លោក ចាន់ ពៅ អធិការរង​ខណ្ឌឫស្សីកែវ បាន​សារភាព​ថា «លោក​ពិតជា​បាន​ផ្ញើ​សារ​ជា​សំឡេង ទៅ​គំរាម​លោកនាយ​ផ្នែក ពិតប្រាកដ​មែន ដោយសារ​មូលហេតុ ខឹង​ខ្លាំង​ពេក​!» ។

ឆ្លង​តាម​ចម្លើយ​សារភាព និង​ភស្តុ​តាង​ជាក់ស្តែង ក្រុមប្រឹក្សាវិន័យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​វិន័យ ជា​លើក​ទី​មួយ ដល់​លោក​អធិការរង ដែល​មាន​កំហុស ដោយ​ការ​ផ្អាក​ការងារ បណ្តោះអាសន្ន អោយមក​បង្ហាញខ្លួន​ជា​ប្រចាំ នៅ​ការិយាល័យ​បុគ្គលិក ជា​រៀង​រាល់​ម៉ោង​ការងារ​។ ជា​ជំ​ហ៊ាន​បន្ទាប់ បើ​នៅ​តែ​ប្រព្រឹត្តិ​កំហុស​ទៀត ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។

សូមរម្លឹកថា លោក ស ថេ​ត ហៅ​អធិការរង​ខណ្ឌឫស្សីកែវ មក​សួរនាំ​រឿង​គំរាម​សម្លាប់​ប៉ូលិស​ចរាចរណ៍