ខេត្តកោះកុង ៖ កាលពីពេលថ្មីៗនេះ មានក្មេងទំនើង២នាក់ បានថតវីដេអូ កាន់ដាវសាមូរ៉ៃមុខសស្ងាច បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ផ្ញើទៅគូទំនាស់ថា កុំឲ្យពួកគេឃើញមុខនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ បើនោះទេ ច្បាស់ជាមកជិះម៉ូតូទៅវិញជិះចាន់ជាមិនខាន។


ក្រោយពីយុវជនទំនើងថ្លែងយ៉ាងហំហានតាមវីដេអូគំរាមផ្តាច់ជីវិតគូទំនាស់ និងត្រូវបានគេយកទៅចែកចាយបន្តផ្អើលពេញហ្វេសប៊ុក ទើបកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់អត្តសញ្ញាណក្មេងទំនើងទាំង២នាក់នោះបាន ក៏ធ្វើការចាប់ខ្លួនយកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩។

ក្មេងទំនើងប្រចាំភូមិខ្លាំងពូកែកាប់ចាក់បង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន ទើបតែជាប់ខ្នោះរបស់សមត្ថកិច្ចនេះ ទី១-ឈ្មោះឈុន និ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។ ទី២-ឈ្មោះវិត ឡាវី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។ ជនសង្ស័យទាំង២នាក់ សុទ្ធជាសមាសភាពប្រើប្រាស់សារធាតុញៀន ។


ក្រោយចាប់ខ្លួន សមត្ថកិច្ចបាននាំក្មេងទំនើងទាំង២នាក់ មកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

សូមប្រិយមិត្តទស្សនាវីដេអូ របស់ក្មេងទំនើងទាំង២នាក់ ដែលបានបង្អូតដាវសាមូរ៉ៃ និងនិយាយគំរាមសម្លាប់គូទំនាស់ដូចខាងក្រោម ៖